ក្រសួងមហាផ្ទៃ៖ មកទល់ពេលនេះ ពលរដ្ឋខ្មែរវិលត្រឡប់មកកម្ពុជាវិញជាង១០ម៉ឺននាក់ ក្រោយកម្ពុជាប្រកាសបិទព្រំដែនថៃ ខណៈជំងឺកូវីដ-១៩ កំពុងរាតត្បាតជាសកល
ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរវិល ត្រឡមកប្រទេសកម្ពុជាវិញ មានជាង១០ម៉ឺននាក់ ហើយការវិលត្រឡប់មកវិញនេះ ដោយសារជំងឺកូវីដ-១៩ បានរីករាលដាល់ពេញសាកលលោក ធ្វើឲ្យមានការបិទប្រទេសជាដើម។
ក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជាស្ដីពី កម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ នាព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា ស្ថានភាពជំងឺកូវីដ-១៩ មិនទាន់បានស្ងប់ស្ងាត់នៅឡើយទេ ហើយប្រទេសជិតខាងក្នុងតំបន់ នៅតែបន្ដឆ្លងជំងឺកូវីដ-១៩ ជាពិសេស បន្ដរឹតត្បិតក្នុងការបិទព្រំដែន និងកាត់បន្ថយចរាចរណ៍ផលិតផល ដែលជាប្រភពនៃសេដ្ឋកិច្ចរបស់ខ្លួន។
លោកស្រី បន្ដថា រោងចក្រសហគ្រាស និងអាជីវកម្មជាច្រើន ត្រូវបានផ្អាក ដែលធ្វើឲ្យពលករបាត់បង់ការងារ និងបានរុញច្រានឲ្យពលករទេសន្ដរប្រវេសន៍មួយចំនួន សម្រេចចិត្តវិលត្រឡប់មកស្រុកទេសរបស់ខ្លួនវិញ ទោះបីជាប្រឈមនឹងការហាមឃាត់ និងបិទព្រំដែនក៏ដោយ។
លោកស្រី មានប្រសាសន៍ថា «គិតចាប់ពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២០ ក្រោយការប្រកាសបិទព្រំដែនរបស់រាជរដ្ឋាភិបាលថៃ មកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ដែលមានរយៈពេល៣ខែ ១៥ថ្ងៃ មានប្រជាពលរដ្ឋកម្ពុជា ដែលវិលត្រឡប់ពីការធ្វើទេសន្ដរប្រវេសន៍ នៅក្រៅប្រទេស ជាពិសេស ប្រទេសថៃចំនួនសរុបចំនួន ជាង១០០.៥៦៨នាក់»។
ឆ្លៀតឱកាសនោះដែរ លោកស្រី លើកឡើងថា ក្នុងទស្សនវិស័យរួម នៃការឆ្លើយតបទៅនឹងវិបត្តិការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច និងសង្គមជាសាកល អង្គការសហប្រជាជាតិ នៅកម្ពុជា បានចូលរួមគាំទ្រការអនុវត្តផែនការជាតិរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ដោយផ្ដោចលើការទប់ស្កាត់ការចម្លង និងការឆ្លងក្នុងចំណោមក្រុម ប្រជាពលរដ្ឋដែលទើបនឹងវិលត្រឡប់ពីការធ្វើទេសន្ដប្រវេសន៍ ដែលអាចបង្កើតស្ថានភាពរាលដាលទ្រងទ្រាយធំនៅតាមសហគមន៍ និងរក្សាស្ថានភាពនៃការរស់នៅប្រកបដោយស្ថេរភាព នឹងភាពចុះសម្រុង ជាមួយសហគមន៍មូលដ្ឋាន ក្នុងតំណាក់កាលនៃធ្វើសមាហរណកម្ម៕EB