ភ្នំពេញ ៖ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី បន្តចុះពិនិត្យ និង វាយតម្លៃផលប៉ះពាល់ និងការខូចខាតជាក់ស្ដែង ដោយសារជំនន់ទឹកភ្លៀង ឲ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។

នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីផ្ទេរតំណែង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការ លោក អូន ព័ន្ធមុន្នីរ័ត្ន បានឱ្យដឹងថា ផ្អែកតាមការវាយតម្លៃបឋមរបស់ក្រុមការងារ គិតត្រឹមថ្ងៃទី ១២ តុលា ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបមានចំនួន ២០៦ ៧៧៣ ហិកតា, ផ្ទៃដីដំណាំ ស្រូវដែលបានខូចខាតមានចំនួន ៨៥ ១២៨ ហិកតា និងផ្ទៃដីដំណាំស្រូវដែលអាចស្តារឡើងវិញ មានចំនួន ៤៨ ៤៧២ ហិកតា។

លោក ឧបនាយករដ្ឋមន្ដ្រី ក៏បានស្នើ លោក ឌិត ទីណា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការងារ ដោះស្រាយផល ប៉ះពាល់ពីទឹកជំនន់ ជាការងារអាទិភាពទីមួយ នាពេលចំពោះមុខ និងអនុវត្តឲ្យឱ្យបានល្អប្រសើរនូវវិធានការ ដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី»។

លោក ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «បន្តចុះពិនិត្យ និង វាយតម្លៃផលប៉ះពាល់ និងការខូចខាតជាក់ស្ដែង ដោយសារជំនន់ទឹកភ្លៀង លើដំណាំកសិកម្ម, សត្វពាហនៈ និង វារីវប្បកម្ម ជាពិសេស កំណត់ឲ្យច្បាស់លាស់ នូវទីតាំងខូចខាត, ទំហំផ្ទៃដី និងចំនួនគ្រួសារកសិករដែលរងគ្រោះ ដោយសហការជាមួយក្រសួង-ស្ថាប័ន ជាពិសេស រដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ឲ្យមានប្រសិទ្ធភាពខ្ពស់»។

លើសពីនេះ លោក ឧបនាយករដ្ឋមន្ដ្រី បានបន្ថែមថា បន្តធ្វើយុទ្ធនាការស្តារឡើងវិញ នូវផ្ទៃដីដាំដុះដែលទទួលរងនូវការខូចខាត ដោយទឹកជំនន់ និងនាំយកពូជស្រូវ, ពូជដំណាំ, ពូជត្រី និងកង្កែប ទៅចែកជូនប្រជាកសិករតាមខេត្តគោលដៅ ដែលរងផលប៉ះពាល់ ដើម្បីឆ្លើយតបទៅនឹងទំហំនៃការខូចខាតដំណាំកសិកម្ម, ផលិតកម្មសត្វ និងវារីវប្បកម្មដែលបានកើតមានឡើងកន្លងមក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ