លោក សក់ សេដ្ឋា អញ្ជើញដឹកនាំប្រតិភូចុះត្រួតពិនិត្យការងាររៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល ចំណុះទីស្ដីការក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូ តំណាងពីអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ដើម្បីចុះត្រួតពិនិត្យការងាររៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្ដីការក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ តទៅ នៅមន្ទីរពេទ្យ ១៦ ឧសភា ចំណុះនាយកដ្ឋានសុខាភិបាល នៃអគ្គនាយដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអនុញ្ញាតឲ្យរៀបចំចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅក្នុងក្រសួងមហាផ្ទៃ និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មន្ទីរពេទ្យ ១៦ ឧសភា ត្រូវទទួលភារកិច្ចក្នុងការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្ដីការក្រសួងមហាផ្ទៃ ប្រមាណជាង២ម៉ឺននាក់ ដែលក្នុងនោះ មន្ទីរពេទ្យ គ្រោងនឹងចាក់វ៉ាក់សាំងចំនួន ២០០នាក់ក្នុងមួយថ្ងៃ ក្នុងជំហ៊ានដំបូង និងឈានទៅចាក់ឲ្យបានចំនួន ៥០០នាក់ ក្នុង១ថ្ងៃ បន្ទាប់ពីអនុវត្តជំហ៊ានដំបូងបានជោគជ័យ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានភារកិច្ចខាងលើ មន្ទីរពេទ្យ ១៦ ឧសភា ចំណុះនាយកដ្ឋានសុខាភិបាល នៃអគ្គនាយដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានធ្វើការងារយ៉ាងយកចិត្តទុកដាក់បំផុតជាមួយក្រសួងសុខាភិបាល ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជូនដល់គ្រូពេទ្យ រៀបចំដំណើរការចាក់ និងទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ព្រមទាំងការដឹកជញ្ជូន ការរក្សាទុកឲ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕EB