សម្ដេច នាយករដ្ឋមន្រ្តី ប្រកាសថា កម្ពុជា អត់ដកថយទេក្នុងការប្រើយន្តការ ICJ ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រកាសថា កម្ពុជាមិនដកថយទេ ក្នុងការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់ តូច ប្រាសាទតាក្របី និងតំបន់មុំបី។
នៅថ្ងៃចន្ទទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅរាជធានីភ្នំពេញ) លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មក សម្ដេច ថា លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបាន លោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចរាល់។
នាឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ពាក្យប្តឹងទៅ ICJ ចំថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជារឿងចៃដន្យ តែក៏ជាប្រផ្នូលល្អ ព្រោះជាថ្ងៃដែលកម្ពុជាឈ្នះក្តីថៃ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ជំហររបស់កម្ពុជាទៅ ICJ អត់រៀលថយទេ។ យើងគ្មានជំហរដោះស្រាយបញ្ហានេះ ដកថយពីកិច្ចការងារនេះទេ យើងនៅរក្សាជំហរដដែល តាំងពីថ្ងៃនោះមកនេះ ជាការពិត»។
សម្ដេចបវរធិបតី បន្ដថា កម្ពុជា មិនត្រឹមតែនិយាយនោះទេ ក្នុងរយៈពេល ២ សប្កាហ៍គត់ ក្រោយពី ប្រទេសកម្ពុជា ប្រកាសប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា ហេតុអ្វីកម្ពុជាមិនយកបញ្ហាព្រំដែនទាំងអស់ទៅ ICJ? សម្ដេច ពន្យល់ថា ការដោះស្រាយត្រូវព្រំដែនប្រើបច្ចេកទេស ដោះស្រាយបញ្ហាទ្វេភាគី ប៉ុន្តែបើដោះស្រាយមិនចេញដូចតំបន់មុំបី ប្រាសាទមាន់ធំ តាមាន់តូច និងតាក្របី គឺត្រូវប្ដឹងទៅអន្តរជាតិ ក្នុងករណីកំពុងដំណើការក្ដី បើភាគីម្ខាងឈ្លាន កម្ពុជា និងប្រើទ័ពការពារទឹកដី៕