ព្រះវិហារ ៖ ប្រជាពលរដ្ឋចំនួន១,០៤៧គ្រួសារ ស្មើមនុស្សជាង៣,០០០នាក់ រស់នៅភូមិចំនួន៦ ក្នុងតំបន់សមរភូមិមុខតំបន់មុំបី, អានសេះ និងជាំតែ ដែលមានការភ័យខ្លាចក្នុងការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ បានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ដែលអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំជូនពួកគាត់ក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅភូមិចំនួន៦ នៅតំបន់សមរភូមិមុខ សរុបប្រមាណ៩,០០០នាក់ ប៉ុន្ដែក្នុងនោះមានជាង៣,០០០នាក់ ដែលពួកគាត់មានការបារម្ភអំពីស្ថានភាពនៃការប្រឈមមុខដាក់គ្នារបស់កងទ័ពកម្ពុជា-ថៃ បានចាកចេញពីភូមិឋានរបស់គាត់ ដើម្បីមកកន្លែងដែលមានសុវត្ថិភាពបណ្ដោះអាសន្នសិន។

បើតាមលោក គីម រិទ្ធី, អាជ្ញាធរខេត្តបានរៀបចំកន្លែងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងវត្តពោធិ៍៥០០០ដើម ដែលមានទីតាំងស្ថិតនៅស្រុកគូលែន ចម្ងាយជាង១០០គីឡូម៉ែត្រពីតំបន់សមរភូមិ។ នៅក្នុងមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ននេះ អាជ្ញាធរខេត្តព្រះវិហារ បានរៀបចំគ្រឿងឧបភោគ បរិភោគ ស្បៀងអាហារជូនប្រជាពលរដ្ឋ តាមរយៈជំនួយរបស់កាកបាទក្រហមកម្ពុជា និងស្បៀងបម្រុងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក គីម រិទ្ធី ក៏បានអំពាវនាវដល់សប្បុរសជននានា អាចបន្ដឧបត្ថម្ភស្បៀងអាហារ បន្លែ ត្រី សាច់ និងសម្ភារៈផ្សេងៗតាមលទ្ធភាពមកកាន់អាជ្ញាធរខេត្តព្រះវិហារ ដើម្បីទុកបម្រើបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅក្នុងមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ននេះ។ នៅមណ្ឌលសុវត្ថិភាពនេះ ក៏មានកុមារតូចៗផងដែរ ដូច្នេះសប្បុរសជនក៏អាចឧបត្ថម្ភនំចំណីសម្រាប់កុមារតូចបានដូចគ្នា។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានសមាគមអតីតយុទ្ធជន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក៏បានចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ