ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ព្យាយាមដោះស្រាយដោយប្រកាន់គោលជំហររក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ
ភ្នំពេញ ៖ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ដែលកំពុងឡើងកម្តៅ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា កំពុងព្យាយាមដោះស្រាយ ដោយប្រកាន់គោលជំហររក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ការថ្លែងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសថ្លែងសារពិសេស ជូនជនរួមជាតិដែលចូលរួមកម្មវីធីដំណើរថ្មើរជើង «Solidarity March» ដើម្បីជាការបង្ហាញនូវការគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងប្រដាប់អាវុធជួលមុខ លើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះ សម្តេចបវរធិបតី បានថ្លែងអំណរគុណ និងដឹងគុណដល់រាជរដ្ឋាភិបាល នីតិកាលមុនៗ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះការដឹកនាំប្រទេសជាតិប្រកបដោយ ការលះបង់ ការខិតខំប្រឹងប្រែង និងទំនួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ រហូតបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា រហូតដល់ពេលបច្ចុប្បន្ន ។
ក្នុងនោះ សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តបេសកកម្ម និងគំរូវីរៈភាព របស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីថែរក្សាការពារអធិបតេយ្យបូរណភាពទឹកដី សន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ និងប្រជាជនកម្ពុជា ។
បន្ថែមលើនេះ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជាមួយប្រទេសថៃ ដែលកំពុងឡើងកម្តៅ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «កម្ពុជា បាននិងកំពុងព្យាយាមដោះស្រាយ ដោយប្រកាន់គោលជំហររក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។ កម្ពុជា បន្តប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ កម្ពុជា-ថៃ (JBC) ដើម្បីបន្តការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលនៅសេសសល់ លើកលែងតែនៅតំបន់៤ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកម្ពុជា បានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជួយរកដំណោះស្រាយ ហើយលិខិតផ្លូវការបានប្រគល់ទៅឱ្យ ICJ កាលពីថ្ងៃចន្ទទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ»។
សម្តេច សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានថ្លែងបញ្ជាក់បន្ថែមថា កម្ពុជា ជ្រើសរើស យកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការ ICJ គឺដើម្បីថែរក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង និងសម្រាប់ជាឧត្តមប្រយោជន៍ ពិតប្រាកដរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ៕