ភ្នំពេញ ៖ លោកស្រី ដេវ យ៉ានី ឃុប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានសង្ឃឹម ថា រាជរដ្ឋាភិបាលកម្ពុជា នឹងឯកភាពឲ្យឥណ្ឌានាំសាច់មកលក់នៅកម្ពុជាឡើងវិញ ដោយត្រួតពិនិត្យច្បាស់លាស់ពីមន្ដ្រី ជំនាញ។ យោងតាមការចេញផ្សាយ ទូរទស្សន៍ជាតិកម្ពុជា។
នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានផ្អាកការនាំចូលសាច់គោនិងទំនិញពីប្រទេសឥណ្ឌា ចូលមកប្រទេសកម្ពុជា ក្រោយពី ឥណ្ឌា ផ្ទុះជំងឺកូវីដ-១៩ ខ្លាំង។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទី ស្តីការក្រសួង លោកស្រី ដេវ យ៉ានី ឃុប្រាហ្គាដេ លើកឡើងពីការរង់ចាំចម្លើយពី រដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឲ្យ មានការនាំសាច់ពីឥណ្ឌា មកកាន់ទីផ្សារកម្ពុជាឡើងវិញ ដោយសារបច្ចុប្បន្ននេះ ឥណ្ឌា នាំសាច់ចេញទៅក្រៅប្រទេស ជាង៧០ប្រទេស ហើយក្នុងរយៈពេលចុងក្រោយនេះ ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ឯកភាពអនុញ្ញាតឲ្យឥណ្ឌា នាំសាច់មកលក់ឡើងវិញ។
លោកស្រី បញ្ជាក់ថា «សង្ឃឹមថា កម្ពុជានឹងឯកភាពឲ្យឥណ្ឌា នាំសាច់មកលក់នៅក្នុងប្រទេសកម្ពុជាឡើងវិញ ដោយមានការត្រួតពិនិត្យបានច្បាស់លាស់ពីមន្រ្តីជំនាញ»។
ជាងនេះទៅទៀត លោកស្រី ឯកអគ្គរដ្ឋទូត ក៏បានជឿជាក់ថា ទំនាក់ទំនងខាងវិស័យអាកាសចរណ៍ នៃប្រទេសទាំងពីរ ឥណ្ឌា-កម្ពុជា នឹងអាចឈានដល់ការបើកជើងយន្តហោះទៅវិញ ទៅមកឡើងវិញ ដែលជាផ្នែកមួយក្នុងការជួយសម្រួល ដល់ការផ្លាស់ប្តូរផ្នែកទេសចរណ៍ និងពាណិជ្ជកម្ម ផងដែរ។
លោកស្រី បន្ថែមថា រដ្ឋាភិបាលឥណ្ឌា មានកញ្ចប់ថវិកាមួយចំនួន ដែលអាចឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការប្រើប្រាស់ ទាំងក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច កសិកម្ម និងធានមនុស្ស។ តាមរយៈនេះ លោកស្រី ក៏បានសំណូមពរដល់ ក្រសួងព័ត៌មានកម្ពុជា ធ្វើការគិតគួរលើកជាគម្រោងនៅក្នុងបញ្ហាខាងលើនេះ។
ឆ្លៀតឱកាសនោះ លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក៏បានលើកឡើងថា ឆ្នាំ២០២២ ខាងមុខ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រការនេះ ក្រសួងព័ត៌មាន ស្នើដល់ប្រទេសឥណ្ឌា ជួយផ្តល់នូវឯកសារ ឲ្យបានច្រើន ដើម្បីយកមកធ្វើការផ្សព្វផ្សាយ ឲ្យប្រជាជនកម្ពុជា យល់បានពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និង យល់បានតម្រូវការ និងពីទិសដៅនៃការអភិវឌ្ឍរបស់ប្រទេសឥណ្ឌា ក៏ដូចជំហរនានារបស់ ឥណ្ឌា នៅលើឆាកអន្តរជាតិ ផងដែរ៕EB