ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំអភិបាលរាជធានី ខេត្ត ស្តីពី ការសម្របសម្រួល សហការគាំទ្រ និងគ្រប់គ្រងការធ្វើដំណើរត្រឡប់ចូលមកកម្ពុជាវិញ របស់ប្រជាពលរដ្ឋខ្មែរ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំដល់អភិបាលរាជធានី ខេត្ត ស្តីពីការសម្របសម្រួល សហការគាំទ្រ និងគ្រប់គ្រងការធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ។
បើតាមសេចក្ដីណែនាំ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា បច្ចុប្បន្ននេះសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃមានការវិវត្តប្រែប្រួល និង មានភាពកាន់តែតានតឹងជារៀងរាល់ថ្ងៃគួរឱ្យកត់សម្គាល់ចាប់តាំងពីភាគីថៃដែលបានចូលមកបាញ់ប្រហារមក លើលេណដ្ឋានកងទ័ពកម្ពុជាបណ្តាលឱ្យពលីជីវិតទាហានខ្មែរម្នាក់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងប្រកាសផ្អាកផ្នែកខ្លះ ឬដាក់កំហិត ការចេញចូលឆ្លងដែនតាមច្រកទ្វារព្រំដែនរវាងកម្ពុជានិងថៃជាឯកតោភាគី។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ស្ថិតក្នុងស្ថានភាពនេះ ដើម្បីចៀសវាង បញ្ហាដែលអាចកើតមានឡើងជាយថាហេតុ និងធានាការពារនូវសន្តិសុខ សុវត្ថិភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធត្រៀមលក្ខណៈសម្របសម្រួល និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងធ្វើការនិងស្នាក់នៅ ប្រទេសថៃ ដែលត្រូវធ្វើដំណើរត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។
លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ផ្អែកតាមគោលការណ៍ណែនាំខាងលើនេះ និងដើម្បីសម្របសម្រួល សហការគាំទ្រ និងគ្រប់គ្រង ការធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនិងស្នាក់នៅ ក្នុងប្រទេសថៃប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ក្រសួងមហាផ្ទៃបានធ្វើ ការណែនាំដល់អភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវ វិធានការចាំបាច់មួយចំនួន៕