ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការដង្ហែក្បួនព្យុហយាត្រា “Solidarity March” នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ មិនមែនជាការប្រមូលផ្ដុំបង្ហាញកម្លាំង ឬការគំរាមកំហែងទៅនរណានោះទេ ប៉ុន្ដែជាការបង្ហាញពីសាមគ្គីភាពក្នុងនាមជាខ្មែរគាំទ្រដល់រាជរដ្ឋាភិបាលនិងកងទ័ពជួរមុខ។

ការលើកឡើងរបស់ លោក ហ៊ុន ម៉ានី ក្នុងព្រឹត្តិការណ៍ការធ្វើដំណើរថ្មើរជើង "Solidarity March" បង្ហាញក្តីស្រឡាញ់សម្រាប់កម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

លោក បន្ដថា ការជួបជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលប្រជាជនខ្មែរគ្រប់រូប ចង់បង្ហាញប្រាប់ថា នៅពេលប្រទេសជាតិប្រឈមការគម្រាមកំហែង ឬការប្រមាថណាមួយ ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ ហើយយើងនឹងងើបឈរដោយស្មារតីរួមគ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិ ក្នុងការការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ប្រទេស និងប្រជាជនយើង។

លោក បន្ថែមថា ការជុំគ្នាដើរថ្មើរជើងថ្ងៃនេះ គឺជាកម្មវិធីរបស់បងប្អូនមហាគ្រួសារខ្មែរគ្រប់គ្នាដោយបានសបញ្ជាក់ពីទឹកចិត្តម្នាក់ៗដែលជាកូនខ្មែរ មានការគិតគូរ យល់ពីសុខទុក្ខ និងចូលរួមចំណែកដោយឆន្ទៈ មោទនភាព និងការជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងទ័ពជួរមុខរបស់កម្ពុជា ចំពោះការការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។  
 
សូមជម្រាបថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ចូលរួមធ្វើដំណើរថ្មើរជើងសាមគ្គី “Solidarity March” ក្នុងន័យបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខ។ ការជួបជុំនេះបង្ហាញពីឈាមជ័រជាខ្មែរ មហាគ្រួសារខ្មែរ ដួងព្រលឹងជាតិខ្មែរ ទឹកចិត្តឆន្ទៈនិងក្តីស្រឡាញ់។ សូមអរគុណដល់កងទ័ពដែលបានលះបង់ដើម្បីឱ្យប្រជាជននៅក្នុងប្រទេសមានភាពរីកចម្រើន សុខសុវត្ថិភាព និងសន្តិភាព។ គួរបញ្ជាក់ថា ចំណុចជួបជុំគឺស្ថិតនៅកោះពេជ្រហើយនឹងធ្វើដំណើរឆ្ពោះទៅវិមានឯករាជ្យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ