ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចោទសួរថា តើអ្នកណាស្វែងរកយុត្តិធម៌ សម្រាប់សម្ដេច នៅពេលគេបាញ់សម្លាប់ប្អូនថ្លៃសម្ដេច នៅកណ្តាលក្រុងភ្នំពេញ កាលពីឆ្នាំ១៩៩៦ ព្រមទាំង ការប៉ុនប៉ងធ្វើឃាតសម្តេច នៅខេត្តសៀមរាប កាលពីឆ្នាំ១៩៩៨។ 

ក្នុងពេលទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «អ្នកណាបានស្វែងរកយុត្តិធម៌សម្រាប់ខ្ញុំ ពេលគេបាញ់ប្អូនថ្លៃខ្ញុំស្លាប់ម្នាក់ នៅកណ្តាលក្រុងភ្នំពេញ ឆ្នាំ១៩៩៦ នៅឆ្នាំ១៩៩៨គេបាញ់ខ្ញុំ៤គ្រាប់បេ ប៉ុន្តែផ្ទុះ៣គ្រាប់ស្លាប់ប្រជាពលរដ្ឋម្នាក់ កូនក្មេងម្នាក់ របួសម្នាក់ អ្នកណាខ្វល់ខ្វាយរកយុត្តិធម៌ឱ្យខ្ញុំ ឬអាងថាជីវិតនាយករដ្ឋមន្រ្តីអត់តម្លៃទើបបានមិននាំគ្នារកយុត្តិធម៌ឱ្យ តែខ្ញុំមិនតាមចងកម្មពារទេ»។

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មានករណីបាញ់គ្រាប់រ៉ុក្កែត B40 មួយគ្រាប់ក្នុង ចំណោម៤គ្រាប់ហោះសំដៅរថយន្ត សម្តេចតេជោ ហ៊ុន សែន អំឡុងពេលទៅចូលរួមប្រជុំ នៅព្រះរាជដំណាក់ នាទីក្រុងសៀមរាប ក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ គ្រាប់បេនេះ មិនបានត្រូវរថយន្តសម្តេចទេ ហើយបានទៅបុកផ្ទះប្រជាជននៅម្ខាងផ្លូវ។

សម្តេចតេជោ បន្ដថា «ប្រសិនបើខ្ញុំស្លាប់នាពេលនោះ តើនឹងមានរឿងអ្វីកើតឡើងក្រោយពេលខ្ញុំស្លាប់នៅក្នុងក្រុងសៀមរាប? បន្ទាប់មក តើសង្រ្គាមអាចបញ្ចប់បានតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដូចពេល ហ៊ុន សែន នៅរស់ឬទេ? នេះជាចម្លើយដែលត្រូវឆ្លើយសម្រាប់សំណួរទាំងពីរខាងលើនេះ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ