សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកសិស្ស-និស្សិត ទូទាំងប្រទេស ជាក្រុមអាទិភាពទទួលវ៉ាក់សាំង ដើម្បីធានាសុវត្ថិភាពសង្គម
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសយកសិស្ស-និស្សិត នៅទូទាំងប្រទេស ជាក្រុមអាទិភាពទទួលវ៉ាក់សាំងបន្ថែមពីលើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីធានាសុវត្ថិភាពសង្គមរបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា មិនខ្វះវ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនឡើយ ខណៈវ៉ាក់សាំងរបស់កម្ពុជា មានគ្រប់គ្រាន់ផងដែរ។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូម ប្រកាសថា ដាក់សិស្សានុសិស្ស និស្សិតទាំងអស់ទូទាំងប្រទេសទៅជាក្រុមអាទិភាពទទួលវ៉ាក់សាំងបន្ដ។ មុននេះ ខ្ញុំ ប្រកាសដាក់តែមុខសញ្ញា មន្ដ្រីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ។ ឥឡូវដើម្បីធានាសុវត្ថិភាពសង្គមសម្រាប់សិស្សានុសិស្ស កុមា កុមារី របស់យើង ត្រូវដាក់ចូលក្នុងដំណើរការអាទិភាព នៃការផ្ដល់វ៉ាក់សាំង»។
សម្ដេចតេជោ បន្ដថា នាពេលព្រឹកនេះ វ៉ាក់សាំងប្រភេទ Pfizer បានដឹកមកដល់កម្ពុជា ហើយនឹងប្រើប្រាស់សម្រាប់ដូសជំរុញ។ សម្ដេច ថា កម្លាំងប្រដាប់អាវុធ ដើរដល់ណា កូនសិស្ស ដើរដល់ណុងដែរ ខណៈមាននិស្សិតជាង ៣លាននាក់។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៤,៩៤៧,២៧៧នាក់៕EB