ភ្នំពេញ ៖ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ អ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ និងស្នើឲ្យ ក្រុមហ៊ុនដឹកជញ្ជូន កុំផ្ទុកទំនិញលើសទម្ងន់ បណ្ដាលឲ្យផ្លូវឆាប់ខូចមុនអាយុកាល។

ក្នុងឱកាសចុះត្រួតពិនិត្យគុណភាពផ្លូវ ជាតិលេខ៥១ នាពេលថ្មីៗនេះ លោក ខាន់ ម៉ាណេរ បានថ្លែងថា «សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីគេចផុតពី គ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងដោយការធ្វេសប្រហែស ធ្វើឲ្យយើងមានវិប្បដិសារីអស់មួយ ជីវិត និងបានស្នើឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញ កុំផ្ទុកទំនិញលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់ បណ្ដាលឲ្យផ្លូវឆាប់ខូចមុនអាយុកាល»។

នាឱកាសចុះត្រួតពិនិត្យគុណភាពផ្លូវ ជាតិលេខ៥១ រដ្ឋលេខាធិការក្រសួងសាធារណការ ក៏បានលើក ឡើងថា ក្រសួងប្រគល់ផ្លូវនេះទៅឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ដើម្បីជួលជុលថែ ទាំកំណាត់ផ្លូវនេះឲ្យបានល្អ និងប្រើប្រាស់ជាប់បានយូរអង្វែង។

រដ្ឋលេខាធិការ បានកោតសរសើរដល់ក្រុមហ៊ុនសាងសង់ ក៏ដូចជា ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងក្រុមការងារជំនាញរបស់ក្រសួង ដែលបានខិតខំប្រឹងប្រែងបំពេញការងារសាង សង់ឲ្យមានគុណ ភាពល្អ ស្របតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ និងសោភ័ណភាពល្អ។

សូមជម្រាបថា ផ្លូវជាតិលេខ៥១ មានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចំណាយថវិកាអស់ ជាង៤០,៨៨លានដុល្លារ។បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបានប្រគល់ទទួលជាបណ្ដោះអាសន្ន នៅឆ្នាំ២០១៩ និងស្ថិតក្រោមការជួសជុលថែទាំ របស់ក្រុមហ៊ុនសាងសង់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ