ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រយៈពេល១០ថ្ងៃ គិតពីថ្ងៃទី២៣ មេសា -២ ឧសភា ឆ្នាំ២០២០ មានប្រពលរដ្ឋយករថយន្ដទៅ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត (ឆៀក) ទូទាំងប្រទេស ចំនួន ២៤.៨៩៧ គ្រឿង។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ថា ក្រសួងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានគោរពអនុវត្តតាមការណែនាំ ដែលរក្សា បានសណ្តាប់ធ្នាប់ និងរបៀបរៀបរយជាពិសេសអត់ធ្នត់រង់ចាំទទួលសេវាខណៈការត្រួតពិនិត្យនេះ ត្រូវការពេលវេលាដើម្បីពិនិត្យម៉ត់ចត់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
ក្រសួងបញ្ជាក់ថា «គិតចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ការត្រួត ពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ទូទាំងប្រទេស សរុបចំនួន ២៤.៨៩៧ គ្រឿង។ទិន្នន័យ នេះ មានការកើនឡើងខ្ពស់ជាគំហុក ជាពិសេស៤ថ្ងៃចុងក្រោយ ដែលគិតជាមធ្យម ប្រមាណ ៤ពាន់គ្រឿង ក្នុង១ថ្ងៃ»។
លើសពីនេះទៅទៀត ក្រសួងសាធារណការ ស្នើឲ្យប្រជាពលរដ្ឋបន្តគោលការណ៍អនាម័យ ពាក់ម៉ាស់ត្រឹមត្រូវតាមការចាំបាច់ និងរក្សាគម្លាត ដើម្បីទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ទាំងអស់គ្នា៕ E B