ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជាបានយកការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវ គោកជាធំ ខណៈការរឹតបន្តឹងច្បាប់មិនមែន សមត្ថកិច្ចចង់បានលុយនោះទេ។ 

ក្នុងកិច្ចប្រជុំស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ លោក ហ៊ឹម យ៉ាន បានសង្កត់ធ្ងន់ថា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានយក ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាធំ ហើយការរឹតបន្តឹងច្បាប់មិនមែន សមត្ថកិច្ចចង់បានលុយនោះទេ គឺសមត្ថកិច្ច មានបំណងតែមួយគត់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

លោកថា ក្នុងនោះការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គឺជាអាទិភាពធំបំផុត និងស្នើគ្រប់ក្រុមហ៊ុនតំណាងភាគី ទាំងអស់ដាក់បញ្ហាបង្ការនេះជាចម្បង។

ដើម្បីបន្តជំរុញការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត ក្នុងឆមាសទី២ ខាងមុខនេះ អគ្គស្នងការរងនគរបាលជាតិ បានសំណូមពរទៅស្ថាប័នជំនាញ ខិតខំជម្រុញ ដាក់ចេញវិធានការ ឬបទដ្ឋានក្រោមច្បាប់ ដើម្បីដោះស្រាយចំពោះមធ្យោបាយផ្ដុំ កែច្នៃមិនគ្រប់លក្ខណៈបច្ចេកទេស រ៉ឺម៉កកែច្នៃ គោរយន្តកែច្នៃ ម៉ូតូសណ្តោង-រថយន្ត ម៉ូតូគ្មានពន្ធ និងម៉ូតូចាស់ៗរបស់ប្រជាពលរដ្ឋក្រីក្រ ដើម្បីសម្រាលដល់ជីវភាព និងបន្សាបឥទ្ធិពលចំពោះទស្សនៈទុទ្ទិដ្ឋិនិយម មានចេតនាមួយចំនួនប្រឆាំងនិង ការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ។

បេីតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈក្នុងរយៈពេល៧ ថ្ងៃ ចាប់ពីថ្ងៃទី ១ដល់ ថ្ងៃទី៧ ខែសីហា ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោករកឃើញមធ្យោបាយល្មើសសរុបចំនួន ៥,៨៨៣ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៤,៣១៧ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩នៅទូទាំងប្រទេស ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ