ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ៖ នគរបាលប៉ុស្តិ៍ ជាបង្អែកសម្រាប់ជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ នគរបាលប៉ុស្តិ៍ ជាបង្អែក សម្រាប់ជំរុញចលនាការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ប៉ុន្តែគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព មិនមែនកម្មសិទ្ធ ឬសមត្ថកិច្ចផ្តាច់មុខរបស់នគរបាលប៉ុស្តិ៍ទេ នៅមានអាជ្ញាធរ ពាក់ព័ន្ធជាច្រើនទៀត។យោងតាមការចេញចេញ អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងពិធីបិទកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល និងការអនុវត្តការងារនគរបាល និងសហគមន៍ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា «នគរបាលប៉ុស្តិ៍ គឺជាស្នូលនៃសន្តិសុខ និងជាគ្រឹះសន្តិសុខរបស់ប្រទេសជាតិទាំងមូល។ នគរបាល ប៉ុស្តិ៍ជាបង្អែកសម្រាប់ជម្រុញចលនាការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ប៉ុន្តែគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព មិនមែនកម្មសិទ្ធឬសមត្ថកិច្ចផ្តាច់មុខរបស់ នគរបាលប៉ុស្តិ៍ទេ គឺនៅមានអាជ្ញាធរ និងអង្គពាក់ព័ន្ធជាច្រើនទៀត ពិសេសការចូលរួមរបស់ពលរដ្ឋ»។
លោកបន្ដថា ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព មានប្រសិទ្ធភាពលុះត្រាការងារនគរបាល និងសហគមល្អ ហើយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីប្រជាពលរដ្ឋ។លោកសំណូមពរឲ្យយកទិសដៅផ្សព្វផ្សាយឲ្យដល់នគរបាលប៉ុស្តិ៍ ហើយការសំខាន់សម្រាប់យើង គឺការគ្រប់គ្រងសភាពការណ៍ វិធានគ្រប់គ្រងប្រជាពលរដ្ឋ ការគ្រប់គ្រងមុខសញ្ញាល្មើស បទល្មើស ពិសេសការបម្រើសេវាបម្រើប្រជាពលរដ្ឋ ហើយគ្រប់ផ្ទះត្រូវតែស្គាល់លេខទូរស័ព្ទនគរបាលប៉ុស្តិ៍។
យោងតាមរបាយការណ៍ នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានបង្ហាញថា នៅរាជធានី-ខេត្ត មានប៉ុស្តិ៍នគរបាលសរុប ចំនួន១៦៤៦ប៉ុស្តិ៍។ របាយការណ៍ដដែលបានបង្ហាញទៀតថា រយៈ៦ ខែ ឆ្នាំ២០២០ នគរបាលមូលដ្ឋានទូទាំងប្រទេស បានចុះផ្សព្វផ្សាយគោលនយោបាយច្បាប់ និងវិធានការផ្សេងៗរបស់រដ្ឋ បានចំនួន ៦៣.៨៩៨លើក មនុស្សចូលរួម ៣.៥៥២.២៩៩នាក់។ បានធ្វើវេទិការសាធារណៈ ដើម្បីដោះស្រាយបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន បានចំនួន ៣០.៦២៨លើក មនុស្សចូលរួម ១.២២៥.០២២នាក់៕EB