ភ្នំពេញ៖ លោក Dexter Tan Beng Kong អគ្គនាយកធនាគារ សហគ្រាស ធុនតូច និងមធ្យម (SME Bank) បានថ្លែងថា បន្ទាប់ពីប្រតិបត្តិការ បានរយៈពេល ៤ខែរួចមក ធនគារបានផ្ដល់កម្ចីចំនួន ២០លានដុល្លារ ជូនទៅអតិថិជន ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការ និងនីតិវិធីគម្រោង ហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម (SME)» នៅថ្ងៃទី៣០ កក្កដានេះ លោក Dexter Tan Beng Kong បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានផ្ដួចផ្ដើម នូវការបង្កើតគម្រោងសហហិរញ្ញប្បទាន សម្រាប់សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ។ គម្រោងនេះ បានផ្ដួចផ្ដើមគំនិតធ្វើឡើង នៅសប្ដាហ៍ទី៣ នៃខែកុម្ភៈ ឆ្នាំ២០២០ ដែលមានធនាគារចូលរួមចំនួន ២៤ ធនាគារឯកទេសចំនួន ៦ និងមានការចូលរួមពី ស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួនទៀត ។
លោកបន្តថា គម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់ ១០០លានដុល្លារ ក្នុង៥០លានដុល្លារ ចូលរួមដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង ៣៣ និង៥០លានដុល្លារទៀត បានពីធនាគារសហគ្រាសធុនតូច និងមធ្យម ។ គម្រោងសហិរញ្ញប្បទាន មានគោលបំណង ដោះស្រាយបញ្ហាប្រឈមនានា ដែលរងប៉ះពាល់ដោយសារវិបត្តកូវីដ១៩ ។
លោកអគ្គនាយកធនាគារ SME បញ្ជាក់ថា «បន្ទាប់ពីយើងបានប្រតិបត្តិការរយៈពេល ៤ខែ យើងបានផ្ដល់ឥណទាន ទៅដល់អតិថិជនចំនួន ២០លានដុល្លារអាមេរិក ហើយចំនួនដែលបានផ្ដល់កម្ចី ទៅអតិថិជនមាន ១៧៥កម្ចី ។ យើងជឿជាក់ខ្លាំងថា យើងនឹងអាចមសម្រេចបានគម្រោងនេះ ដែលផ្ដល់កម្ចី រហូតដល់ ៥០% នៃទំហំកម្ចីទាំងមូល នៅក្នុងខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ» ។
លោកអគ្គនាយក បន្ថែមថា ដោយឡែកចំពោះ ការទទួលបានប្រាក់កម្ចី អតិថិជនទាំងអស់ គ្រាន់តែទៅជួបធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានចូលរួមជាមួយ SME ទាំង៣៣ ហើយយើងផ្ដល់កម្ចីនេះ ដល់គ្រប់ប្រភេទ នៃអាជីវកម្មសហគ្រាសធនតូច និងមធ្យមទាំងអស់ លើកលែងតែសហគ្រាសធនតូច និមធ្យមដែលធ្វើអាជីវកម្ម ក្នុងវិស័យកសិកម្ម ។
លោកគូសបញ្ជាក់ថា ចំពោះទំហំកម្ចីធំបំផុតដែលផ្ដល់ ទៅសហគ្រាសធុនតូច និងមធ្យម មានរហូតដល់ ៣០ម៉ឺនដុល្លារ និងមានរយៈពេលកម្ចី ៧ឆ្នាំ ដោយឡែកសម្រាប់កម្ចី ដែលតូចបំផុតគឺ ១ម៉ឺន៦ពាន់ដុល្លារ ។ លោកថា ក្នុងរយៈពេល ៨ខែខាងមុខនេះ យើងរំពឹងថា មាន៦០០ពាក្យស្នើសុំ ដែលយើង អាចនឹងផ្ដល់ជូនទៅអតិថិជន ។ លោកសង្ឃឹមថា នឹងផ្ដល់កម្ចីរហូតដល់ ៨០០ពាក្យស្នើសុំ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ៕EB