ធនាគារអភិវឌ្ឍន៍អាស៊ីគ្រោងនឹងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ១៣០០ លានដុល្លារអាមេរិកដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍកម្ពុជា ២០២១-២០២៣
ភ្នំពេញ៖ ឆ្លើយតបតម្រូវការអភិវឌ្ឍន៍កម្ពុជា ២០២១-២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ីគ្រោងនឹងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ១៣០០ លានដុល្លារអាមេរិក ដែលសេចក្តីសម្រេចបែបនេះកើតមានឡើងក្នុង កិច្ចប្រជុំរវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនា គារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាកាលពីថ្ងៃសុក្រម្សិលមិញ ដែលវាជាកិច្ចប្រជុំបូកសរុបស្តីពីការរៀបចំកម្មវិធី/ គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងមន្រ្តីធនាគារអភិវឌ្ឍន៍អាស៊ីតាមរយៈ Video Conference ដើម្បីធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅអំពីស្ថានភាព, បញ្ហាប្រឈម និង ជម្រើសនៃដំណោះស្រាយជាយុទ្ធសាស្រ្តក្នុងវិស័យអាទិភាពសំខាន់ៗ។
ឯកឧត្តម វង្សី វិស្សុត គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ ជាក់ស្តែងមួយចំនួន ដើម្បីធានាថារាល់កម្មវិធី និងគម្រោងអភិវឌ្ឍន៍ទាំងអស់ ដែលកំពុងអនុវត្ត និងបញ្ជី គម្រោងស្នើសុំថ្មីៗត្រូវបានអនុវត្តទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយទ្រទ្រង់ និងគាំទ្រដល់ ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេល និងបន្ទាប់ពីវិបត្តិជម្ងីកូវីដ១៩ ត្រូវបានបញ្ចប់ និងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែរៀបចំនូវសេចក្តីព្រាងផែនការសម្រាប់ជំរុញសេដ្ឋកិច្ច ដោយផ្អែកលើ សភាពការណ៍វិវត្តន៍ និងគោលការណ៍សំខាន់ៗចំនួន៤ គឺ៖ (១).និន្នាកាសកល បន្ទាប់ពីវិបត្តិជម្ងឺកូវីដ-១៩ (២).ការកំណត់ និងជ្រើសរើសវិស័យដែលអាទិភាព និងមានសក្តានុពលខ្ពស់, (៣).ការកែទម្រង់ រចនាសម្ព័ន្ធស៊ីជម្រៅ និងប្រាកដនិយម និង (៤).ការបង្កើនចំណាយថវិកាកាន់តែធំជាងមុន និងកាន់ តែមានប្រសិទ្ធភាពខ្ពស់ជាងមុន តាមរយៈការបង្កើនទំហំនៃការខ្ចី ទាំងពីដៃគូអភិវឌ្ឍន៍នានា និងតាមការ បោះសញ្ញាប័ណ្ណក្នុងស្រុកនាពេលខាងមុខ ដោយឯកឧត្តមបានសង្កតធ្ងន់ថា កម្ពុជានៅមានលំហក្នុងការខ្ចី ថ្មីបន្ថែម ដោយសារអនុបាតបំណុលគន្លឹះៗទាំងអស់របស់កម្ពុជាមានកម្រិតទាបនៅឡើយ ធៀបនឹងអនុបាតគោលតាមបទដ្ឋានបច្ចេកទេសអន្តរជាតិ។
សូមជម្រាបជូនថា៖ តាមរយៈកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២១-២០២៣នេះ ធនាគារអភិវឌ្ឍន៍អាស៊ីគ្រោងនឹងចូលរួមយ៉ាងសកម្មក្នុងការធ្វើយ៉ាងណាឱ្យការអនុវត្តយុទ្ធ សាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៩-២០២៣ របស់ខ្លួនសម្រេចបានជោគជ័យក៏ដូចជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់កម្ពុជា៕ដោយPP