ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកដល់ គ្រឹះស្ថានធនាគារ យកចិត្តទុកដាក់ដោះស្រាយបញ្ហា ជាមួយអតិថិជនដោយភាពទន់ភ្លន់និងអនុគ្រោះ
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកទៅដល់ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយ អតិថិជន ប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំ របស់ធនាគារជាតិ។យោងតាមគេហទំព័រហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជា។
ក្នុងសិក្ខាសាលាថ្នាក់ខេត្ត ក្រោមប្រធានបទ«កិច្ចគាំពារអតិ ថិជនរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ កូវីដ-១៩» នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោក ជា ចាន់តូ បានឲ្យដឹងថា អតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួនជាមួយ គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។
លោកមានប្រសាសន៍ថា«គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុក ដាក់ ដោះស្រាយ បញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់និងអនុគ្រោះ ស្របតាម ស្មារតី នៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញសម្រាប់គ្រប់វិស័យ»។
លោកបន្ដថា អាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួមសហការយ៉ាង ជិតស្និទ្ធដើម្បីទប់ស្កាត់សកម្មភាព ដែលមានចេតនាបំពុលបរិយាកាសនិងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា៕EB