ភ្នំពេញ ៖ លោកស្រី គ្រស្ទីន ផាកូ ប្រធានបេសកកម្មអង្គការអន្ដរជាតិទេសន្ដរប្រវេសន៍ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ ដែលរីករាលដាល់ពេញសកលលោកនោះ មានពលករខ្មែរវិលត្រឡប់មកកម្ពុជាវិញ អាចកាន់តែប្រឈមនឹងភាពងាយរងគ្រោះជាងមុន ដោយសារ កង្វះខាតកិច្ចគាំពារសង្គម ការទទួលបានព័ត៌មាននៅមានកម្រិត ព្រមទាំង ហានិភ័យនៃអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចកើនឡើង។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកស្រី គ្រស្ទីន ផាកូ បានឲ្យដឹងថា ស្ថានភាពវិបត្តិជំងឺកូវីដ-១៩ មានផលប៉ះពាល់ដោយមិនស្មើភាពគ្នា ទៅដល់ប្រជាជនដែលសង្ឃឹមនឹងទទួលបានជីវិតកាន់តែប្រសើឡើង ហើយធ្វើការឆ្លងព្រំដែនដើម្បីទាញក្រុមគ្រួសាររបស់ពួកគេឲ្យចាកចេញពីភាពក្រីក្រដោយបង្ហាញឲ្យឃើញពីភាពងាយរងគ្រោះរបស់ពលករនៅក្នុងកំឡុងពេលលំបាកនេះ។

លោកស្រីមានប្រសាសន៍ថា « នៅប្រទេសកម្ពុជា ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បានធ្វើឲ្យពលករទេសន្ដរប្រវេសន្ដជាង១០០.០០០នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅខែមីនា ឆ្នាំ២០២០។នៅពេលត្រឡប់ទៅកាន់សហគមន៍របស់ពួកគេវិញ ពលករដែលបានវិលត្រឡប់ទាំងនោះអាចកាន់តែប្រឈមនឹងភាពងាយរងគ្រោះជាងមុន ដោយសារតែកង្វះខាតកិច្ចគាំពារសង្គម ការទទួលបានព័ត៌មាននៅមានកម្រិត ព្រមទាំងហានិភ័យនៃអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចកើនឡើង»។

លោកស្រីបន្ថែមថា ដោយសាររដ្ឋាភិបាលជុំវិញពិភពលោក បានណែនាំការរឹតត្បិតការធ្វើដំណើរ ត្រូវបានអនុម័ត ដើម្បីធ្វើឲ្យមានភាពថយចុះនៃការចម្លងជំងឺកូវីដ-១៩ ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការបំលាស់ទី និងទេសន្ដរប្រវេសន៍។នៅពេលដែលប្រទេសជិតខាងប្រទេសកម្ពុជាចាប់ផ្ដើមបើកព្រំដែនឡើងវិញ ពេលនោះយើងឃើញការកើនឡើងនៃទេសន្ដរប្រវេសន៍ ជាពិសេស ទៅកាន់ប្រទេសថៃ។ តើយើងអាចជួយគាំទ្រដល់ពលករទេសន្ដប្រវេសន៍ទាំងនោះដោយ របៀបណា ដើម្បីធានាថា ដំណើរទេសន្ដប្រវេសន៍របស់ពួកគេ គឺស្របច្បាប់ និងស្របតាមតម្រូវការទទួល ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ពលករ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ