ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតរុស្សី ពេញចិត្តចំពោះកិច្ចសហប្រតិការអនុវត្តច្បាប់ និងការបន្តបណ្ដុះបណ្ដាលធនធានមនុស្ស
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្សជាកងកម្លាំងក្រសួងមហាផ្ទៃ។ នេះបើតាមខ្លឹមសារនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតរុស្សី។
ក្នុងជំនួបធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសកម្ពុជា និងរុស្ស៊ី និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថាប័ននានានៃភាគីរុស្ស៊ី ដែលផ្ដល់វគ្គបណ្ដុះបណ្ដាលជាច្រើនលើជំនាញផ្សេងៗ ជាពិសេសជំនាញប្រយុទ្ធប្រឆាំងភេរវកម្ម ចារកម្មដល់នាយនគរបាលជាតិកម្ពុជា ខណៈជានិច្ចកាលក៏បានអញ្ជើញមន្ត្រីនៃក្រសួងមហាផ្ទៃ ទៅចូលរួមកម្មវិធីនានានៅប្រទេសរុស្ស៊ីផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី ដែលក្នុងរយៈពេលជិត៧ទសវត្សរ៍មកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានរួមចំណែកដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកជាច្រើនវិស័យ។
ជាការឆ្លើយតបឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីការវិវឌ្ឍនៃបញ្ហាប្រឈមសកលលើវិស័យសន្តិសុខ រួមមាន៖ ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ព័ត៌មានមិនពិត ជាពិសេសបញ្ហាភេរវកម្មដែលទាមទារជាចាំបាច់នូវកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌតំបន់ និងសកល។
ភ្ជាប់នឹងការលើកឡើងអំអំពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលសមត្ថភាពបន្ថែមដល់កងកម្លាំងដើម្បីទប់ស្កាត់ចំពោះការវិវឌ្ឍនៃបទល្មើសសម័យថ្មី ជាពិសេសបទល្មើសបច្ចេកវិទ្យាព័ត៌មាន ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការត្រៀមខ្លួនជានិច្ចរបស់ភាគីរុស្ស៊ីក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលជូននាយនគរបាលជាតិកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌភាពជាដៃគូអាស៊ាន។
នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍អំពីការបន្តប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដែលបានអនុវត្តកន្លងមក តាមរយៈការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការប្រយុទ្ធប្រឆាំងនូវឧក្រិដ្ឋកម្មឆ្លងដែន និងគ្រឿងញៀន។
ត្រង់ចំណុចនេះ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានថ្លែងការកោតសរសើរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃយុទ្ធនាការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មីនេះ ដើម្បីបុព្វហេតុថែរក្សានូវសន្តិសុខជាតិ ក្រោមការដឹកនាំប្រកបដោយថាមពល និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ដែលមានស្រាប់ ព្រមទាំងពង្រីកទំនាក់ទំនងពាក់ព័ន្ធវិស័យផ្សេងៗទៀត ឱ្យកាន់តែមានភាពរឹងមាំ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕