ភ្នំពេញ ៖ ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ២០២០ អង្គការសុខភាពពិភពលោក បានចេញផ្សាយអត្ថបទមួយស្ដីពីការ ការពារយុវជនពីកលល្បិចរបស់ឧស្សាហកម្មថ្នាំជក់ និងបង្ការយុវជនកុំឲ្យប្រើប្រាស់ថ្នាំជក់ និងសារធាតុនីកូទីន។
យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អង្គការចលនា ដើម្បីសុខភាព កម្ពុជាចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថាកលល្បិចឧស្សាហកម្មថ្នាំជក់ មានដូចជា៖
ទី១-ការប្រើប្រាស់រសជាតិដើម្បីទាក់ទាញយុវជន។
ទី២-យុទ្ធនាការផ្សព្វផ្សាយថាផលិតផលថ្នាំជក់របស់ខ្លួនថា ជាផលិតផល “កាត់បន្ថយគ្រោះថ្នាក់” ឬ “មានអនាម័យជាង” បារីធម្មតា ដោយគ្មានការបញ្ចាក់លក្ខណៈវិទ្យាសាស្រ្ត។
ទី៣-ឧបត្ថម្ភដល់តារា/ជនមានឥទ្ធិពល និងការឧបត្ថម្ភកម្មវិធីប្រកួតម៉ាកផលិតផល ដែលផ្សព្វផ្សាយផលិតផលថ្នាំជក់និងផលិតផលនីកូទីន។
ទី៤-លក់បារីរាយក្នុងមួយដើមៗ ដែលធ្វើអោយបារីមានតម្លៃទាប និងងាយស្រួលសម្រាប់សិស្សានុសិ្សទិញផលិតផលថ្នាំជក់ និងផលិតផលនីកូទីនបាន។
និងទី៥-ស្វែងរកទីផ្សារផលិតផលថ្នាំជក់ដោយប្រយោលតាមរយៈ ខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ កម្មវិធីផ្សាយផ្ទាល់តាមអ៊ីនធើណេត។
គួរបញ្ជាក់ថា តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវ ពីការវិនិយោគលើការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជាឆ្នាំ២០១៩ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក និងលេខាធិការដ្ឋាននៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ បានអោយដឹងថា ការប្រើប្រាស់ផលិតផលថ្នាំជក់ធ្វើអោយប្រជាជនកម្ពុជាចំនួន ១៥ ០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដែល៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។
មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់ បណ្តាលអោយខាតបង់ទឹកប្រាក់ចំនួន 649 លានដុល្លារអាមេរិក ដែលស្មើនឹង 3% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។
កលល្បិចរបស់ឧស្សាហកម្មថ្នាំជក់ជាទង្វើល្មើសច្បាប់ ដូចនេះ រដ្ឋាភិបាលគួរតែចាត់វិធានការយ៉ាងតឹងរឹងចំពោះការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយធ្វើការផាកពិន័យចំពោះការប្រព្រឹត្តបទល្មើស ចំពោះនិតិបុគ្គលដែលធ្វើខុស ដូចជាក្រុមហ៊ុនថ្នាំជក់ដែលនៅតែបន្តបំពាននិងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ជាដើម។
តាមការសិក្សាពី ការអង្កេតស្ដីពីការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ២០១៩ បានបង្ហាញថា មានបារីប្រមាណ ៣០% ដែលដាក់តាំងលក់លើទីផ្សារ ពុំមានបោះពុម្ភសារព្រមានសុខភាពជាភាសាខ្មែរនិងរូបភាព ហើយបារី៥៨%ដែលលក់លើទីផ្សារ ពុំមានតែមប្រិ៍ពន្ធនោះទេ។
ការសិក្សានេះក៏បានបញ្ជាក់ថា មានការផ្សាយពាណិជ្ជកម្មបារីប្រមាណ២០% និងការផ្ដល់សម្ភារៈផ្សាយពាណិជ្ជកម្ម និងផលប្រយោជន៍ពីក្រុមហ៊ុនលក់បារី ទៅអោយអ្នកលក់បារីជាច្រើន៕ E B