ភ្នំពេញ ៖ លោក ចាន់ គីមសេង អគ្គនាយក អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចំពោះជំងឺកូវីដ-១៩ មូលនិធិអង្គការ សហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ប្រចាំកម្ពុជា និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) ប្រចាំកម្ពុជា សហការជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីទប់ស្កាត់ការរីករាលដាល់ ជំងឺកូវីដ-១៩ នៅតាមពន្ធនាគារ នៅកម្ពុជា។

ក្នុងពិធីទទួលសម្ភារការពារជំងឺ កូវីដ-១៩ ពី អង្គការយូនីសេហ្វ អង្គការUNOHCHR នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោក ចាន់ គីមសេង បានថ្លែង អំណរគុណចំពោះអង្គការយូនីសេហ្វ និង UNOHCHR ដែលបានផ្ដល់សម្ភារការពារជំងឺកូវីដ-១៩ ទៅដល់ពន្ធនាគារ រាជធានី-ខេត្ត ដើម្បីធ្វើយ៉ាងណាការពារជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់។

លោកបានបន្ដថា ចំពោះជំងឺកូវីដ-១៩នេះ អង្គការយូនីសេហ្វ និង UNOHCHR មានការចាប់អាម្មណ៍យ៉ាងខ្លាំងក្នុងការសហការជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩ នៅតាមពន្ធនាគារនៅប្រទេសកម្ពុជា។ 

លោកក៏បានស្នើឲ្យអង្គការ យូនីសេហ្វ និង UNOHCHR ត្រូវពិភាក្សាគ្នាបន្តទៀត ដើម្បីបង្កើន ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់អនីតិជន ឬជនជាប់ឃុំខ្លួន ដទៃទៀតក្នុងពន្ធនាគារ។ ឯកឧត្តមជឿជាក់ថា អង្គការ យូនីសេហ្វ និង UNOHCHR នឹងបន្ដកិច្ចសហការយ៉ាងល្អបន្ថែមទៀតជាមួយ អគ្គនាយកដ្ឋានពន្ធនាគារដែលនាំមកនូវផលប្រយោជន៍ក្នុងវិស័យ ពន្ធនាគារនៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ដែរថា វិស័យពន្ធនាគារនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើការគ្រប់គ្រងយ៉ាងល្អ ស្របតាមពាក្យ ស្លោក «សន្ដិសុខ សុខភាព និងមនុស្សធម៌»។

ដោយឡែកលោក JALLAA ABDELWAHAB អនុប្រធានមូលនិធិ អង្គការសហប្រជាជាតិ ដើម្បីកុមារ (យូនីសេហ្វ) បានឲ្យដឹងថា ចាប់តាំងពីការរីករាលដាលជំងឺកូវីដ-១៩ កិច្ចការងារជួយកុមារ ក៏បានជួបប្រទះជាច្រើន ជាពិសេសជំងឺកូវីដ-១៩ បានធ្វើឲ្យមាន ការប៉ះពាល់វិស័យអប់រំ សុខភាពសាធារណៈ និងសុខភាពរបស់កុមារ នៅតាមពន្ធនាគារផងដែរ។

លោកបានបន្ថែមថា ផលប៉ះពាល់ទាំងនោះ មានរយៈពេលវែង និងខ្លី ប៉ុន្តែជាការពិតណាស់ យូនីសេហ្វ បានទទួល ការគាំទ្រពីជំនួយរបស់ សហរដ្ឋាអាមេរិក រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបា លចិន ដើម្បីទិញសម្ភារយកមកចែកជូនពន្ធនាគារនៅប្រទេសកម្ពុជា។លោកថា យូនីសេហ្វ នឹងបន្ដទិញសម្ភារបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៅតាមពន្ធនាគារ ហើយធ្វើយ៉ាងណាទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យ ឆ្លង ទៅដល់អ្នកជាប់ឃុំខ្លួនក្នុងពន្ធនាគារ។

ចំណែកលោក PRADEEP WANGLE តំណាងស្ដីទី ការិយាល័យ ឧត្តមស្នងការទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា (UNOHCHR) មានប្រសាសន៍ដែរថា UNOHCHR រីករាយបន្ដកិច្ច សហការ បន្ថែមទៀតជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ ទៅលើ វិស័យផ្សេងៗផងដែរ ជាពិសេស វិស័យពន្ធនាគារ។ លោកបន្តថា ជំងឺ កូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ទាំងកម្ពុជា និងពិភពលោក ដូច្នេះភាគី ពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ បន្ថែមទៀត។

លោកលើកឡើងទៀតថា UNOHCHR នឹងសហការជាមួយ ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានពន្ធនាគារ និងភាគីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យឆ្លងទៅដល់អ្នកជាប់ពន្ធនាគារនៅតាមរាជធានី-ខេត្ត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ