ភ្នំពេញ ៖ មានករណីបុរសខ្មែរម្នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័កអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបាត់បង់ជីវិត ក្នុងបន្ទប់ធ្វើចត្តាឡីស័ក ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានប្រាប់ព័ត៌មានក្នុងស្រុកមួយថា «ពិតមានករណីស្លាប់ហ្នឹងមែន»។ហើយបុរសនោះ អាយុ២១ឆ្នាំ បានធ្វើចត្តាឡីស័ក៣ថ្ងៃហើយ។ មូលហេតុឲ្យពិតប្រាកដ ដែលបណ្តាលឲ្យបុរសនោះស្លាប់ លោកវេជ្ជបណ្ឌិត មិនទាន់អាចនិយាយបានឡើយ។
លោកបន្ដថា បុរសនោះ ប្រហែលជាលួចទិញថ្នាំពីខាងក្រៅ យកទៅលេប ហើយលោក សន្និដ្ឋានជាបឋមថា បុរសនោះ ទំនងជាទិញថ្នាំនោះលេបច្រឡំ ក៏បណ្តាលឲ្យប្រតិកម្ម រហូតដល់ស្លាប់។ លោក សន្និដ្ឋានម្យ៉ាងទៀតថា បុរសនោះ ក៏អាចស្លាប់ដោយសារគាំងបេះដូងដែរ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៩៨នាក់ ក្នុងនោះមាន១៤២នាក់ បានជាសះស្បើយ និង៥៤នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ខណៈដែល២នាក់ ជាពលរដ្ឋអាមេរិក សម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា៕EB