ក្រសួងសុខាភិបាល ៖ វីរុសកូវីដ-១៩ ប្រភេទអូមីក្រុង បានបំប្លែងខ្លួនថ្មីមួយទៀត មានឈ្មោះ XBB ហើយស្ថានភាពឆ្លងកាន់តែលឿនជាងមុន
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា វីរុសកូវីដ១៩ ប្រភេទអូមីក្រុង បានបំប្លែងខ្លួនថ្មីមួយទៀតហើយ ឈ្មោះ XBB ដែលស្ថានភាពឆ្លងកាន់តែលឿនជាងមុន។
ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា បើទោះបី XBB ឆ្លងលឿនជាងអូមីក្រុងក៏ពិតមែន ប៉ុន្ដែអ្នកជំនាញមិនទាន់អាចបញ្ជាក់បានថា XBB នៅពេលបុគ្គលដែលឆ្លងហើយនោះ មានស្ថានភាពវិវត្តទៅធ្ងន់ធ្ងរ ឬស្រាលយ៉ាងនៅឡើយទេ។
លោកស្រី បន្ដថា ការពិតទៅប្រភេទ XBB នេះមិនមែនទើបតែរកឃើញនោះទេ ពោលបានរកឃើញដំបូងសហរដ្ឋអាមេរិក កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១មកម្ល៉េះ ហើយកាលនោះក្រសួងសុខាភិបាល ក៏ធ្លាប់បានចេញសេចក្ដីជូនព័ត៌មានទៅកាន់សាធារណៈជនរួចមកហើយ។
លោកស្រី អ្នកនាំពាក្យ បញ្ជាក់ថា «បច្ចុប្បន្ននេះវីរុសកូវីដ១៩ មានការបំប្លែងខ្លួនជាបន្ដបន្ទាប់។ ថ្មីៗនេះមានបងប្អូនប្រជាពលរដ្ឋជ្រួញបារម្ភច្រើនអំពីការរាតត្បាតនៅតាមបណ្ដាប្រទេសមួយចំនួន ក៏ដូចជាប្រទេសនៅក្នុងតំបន់របស់យើង ប្រភេទ XBB វីរុសនេះប្រភេទអូមីក្រុង ដែលបំប្លែងខ្លួនជាបន្ដបន្ទាប់។ យើងមានការព្រួយបារម្ភច្រើន វាឆ្លងលឿនពិតមែន ប៉ុន្ដែតាមការណែនាំរបស់ WHO គេមិនទាន់រកឃើញថា ឬមានទិន្នន័យណាដែល បង្ហាញឲ្យបានច្បាស់ថា ពួកបំប្លែងថ្មីក្រោយនេះ មានភាពសាហាវជាង ឬធ្ងន់ធ្ងរជាងពពួកដែលតានោះទេ»។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់ សូមមកទទួលយកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមការណែនាំ និងតាមសេចក្ដីជូនព័ត៌មានដែលបានចេញផ្សាយជាបន្ដបន្ទាប់៕EB