ក្រសួងមហាផ្ទៃ បន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើជំពូកទី២
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្ដរៀបចំកិច្ច ប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើជំពូកទី២ មាត្រា២៦ នៃផ្នែកទី៥ ស្ដីពីការចុះបញ្ជីកំណើត។
កិច្ចប្រជុំនាពេលនេះ ក្រោមអធិបតីភាព លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី១ លោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៣ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តើម លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានមានប្រសាសន៍ ថា «ភាគីពាក់ព័ន្ធទាំងអស់គ្នាសុទ្ធតែមានបំណងចង់ធ្វើឲ្យ សេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ប្រព្រឹត្តទៅដោយល្អរលូន ជាពិសេសធ្វើឲ្យសេចក្ដីព្រាងច្បាប់នេះ អនុវត្តដោយប្រសិទ្ធភាពខ្ពស់ ផងដែរ»។
បន្ថែមពីនេះទៀត លោកស្រី ក៏បានសំណូមពរដល់ អង្គប្រជុំទាំងមូលដែរថា ចំពោះចំណុចណាមួយអង្គប្រជុំចង់កែសម្រួល ឬកែតម្រូវបន្ថែមនោះ ត្រូវតែបញ្ជាក់អំពីអំណះអំណាង និងហេតុផលឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការបន្ត កិច្ចការ ជាមួយគ្នាកាន់តែមានប្រសិទ្ធបន្ថែមទៀត។
សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញា ណកម្ម មាន១២ជំពូក និង១៦៩មាត្រា ហើយមានគោលបំណងរួមដូចខាងក្រោម៖
ទី១-ធានាឲ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី២-ធានាឲ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី៣-ធានាថា ការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី៤-ធានាឲ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុ កូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្តសញ្ញាណបុគ្គល។
និងទី៥-ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋាន សម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។
ជាងនេះទៅទៀត ច្បាប់នេះមានវិសាលាភាព អនុវត្តចំពោះជនគ្រប់រូបដែលនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅឯបរទេស។
សូមរំលឹកថា រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នេះ បានចំនួន៦លើកផងដែរ៕EB