អាជ្ញាធរគ្រឿងញៀន ថា កម្ពុជា-ពិភពលោក មានការព្រួយបារម្ភ ចំពោះបញ្ហា គ្រឿងញៀន
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានថ្លែងថា ប្រទេសកម្ពុជា ក៏ដូចជា ពិភពលោក មានការព្រួយបារម្ភ ចំពោះបញ្ហា គ្រឿងញៀន ខណៈពិភពលោក មិនមានការថយចុះឡើយ ចំពោះគ្រឿងញៀន។
ក្នុងពិធីដុតបំផ្លាញចោល គ្រឿងញៀនជិត៥០០គីឡូក្រាម ក្នុងឱកាសអបអរសាទ ទិវាអន្ដរ ជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោក កែ គឹមយ៉ាន បាន ឲ្យដឹងថា ទោះបី មានការរីករាលដាល់ជំងឺ កូវីដ-១៩ ក៏ដោយ អាជ្ញាធរនូវតែបន្ដមានវិធាន នានា ដើម្បីទប់ស្កាត់គ្រឿងញៀន នៅតាមព្រំដែន។
លោក មានប្រសាសន៍ថា «បើយើងមើលស្រុកខ្មែរយើងបារម្ភខ្លាំង ខ្ញុំក៏បារម្ភ អស់លោកក៏ បារម្ភ។ប៉ុន្ដែយើងមើលស្ថានភាពទូទៅ ពិភពលោកអត់មានថយទេ គ្រឿងញៀន ហើយការ បារម្ភរបស់យើង ត្រឹមត្រូវណាស់ រាជរដ្ឋាលមិនដែលមើលស្រាលរឿងគ្រឿងញៀនទេ»។
លោកបញ្ជាក់ថា ប្រទេសកម្ពុជា មិនមែនកន្លែងផលិតគ្រឿងឡើយ គ្រាន់តែមានប្រទេសឆ្លង កាត់តែប៉ុណ្ណោះ ខណៈអាជ្ញាធរ កំពុងមានវិធានការតឹងរឹង នៅតាមតំបន់ព្រំដែន ផងដែរ។ លោកថា ប្រទេសកម្ពុជាមានវិធានយ៉ាងច្រើន ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន។
ឆ្លៀតឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានធ្វើការណែនាំបន្ថែមលើចំណុចមួយ ចំនួន នៃការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដូចជា ៖
ទី១-ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាអនាម័យផ្ទាល់ខ្លួន ក្រុមគ្រួសារ សហគមន៍ និងទីកន្លែងការងារស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាព ពិភពលោក និងក៏មិនត្រូវធ្វេសប្រហេសចំពោះបញ្ហាគ្រឿងញៀននោះដែរ។
ទី២-មន្រ្តីរាជការ កងកម្លាំងអនុវត្តច្បាប់គ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ថែទាំ និងថែរក្សាខ្លួន ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបង្ការ ការពារខ្លួន មិនឲ្យឆ្លង និងបង្ការមិនឲ្យ ឆ្លងរាលត្បាតចូលដល់កន្លែងការងារ និងពិសេស ទីកន្លែងព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿញៀន និងពន្ធនាគារ។
ទី៣-គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តឲ្យ មានប្រសិទ្ធភាព ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំង គ្រឿងញៀន និងគោលន យោបាយ «ភូមិឃុំមានសុវត្ថិភាព»។
ទី៤-គ្រប់ក្រសួង ស្ថាប័ន អង្គភាព និងអាជ្ញាធរថ្នាក់ក្រោមជាតិ ពាក់ព័ន្ធទាំងអស់ត្រូវ ធ្វើការ គាំទ្រ និងបំផុសឱ្យគ្រប់សមាសភាពសង្គមក្នុងមូលដ្ឋានចូលរួមក្នុងចលនា នៃព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្នុងសហគមន៍ឱ្យទទួលបានជោគជ័យ ។
ទី៥-វិស័យឯកជនអ្នកវិនិយោគឬអាជីវករ ដែលមានមុខរបរពាក់ព័ន្ធនឹងទីកន្លែង ដែលងាយ នឹងទទួលរងនូវការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹង គ្រឿងញៀន ។
ទី៦-ដូចដែល នឹងឃើញនាពេលបន្តិចទៀតនេះ គ្រឿងញៀនជាច្រើននឹងត្រូវដុតបំផ្លាញ ដែលនេះជាសារមួយបញ្ជូនដល់ឧក្រិដ្ឋជនគ្រឿងញៀនឱ្យឃើញពីឆន្ទះមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្រ្កាបគ្រឿងញៀន។
និងទី៧- សូមអំពាវនាវដល់ប្រទេសក្នុងតំបន់ និងពិភពលោក ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ សូមចូលរួមជាមួយរាជរដ្ឋាភិបាកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹង បញ្ហាគ្រឿងញៀន។
សូរំលឹកថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ សមត្ថកិច្ចកម្ពុជា បង្ក្រាបគ្រឿងញៀន បាន៤.៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨.៩២៧នាក់ រឹបអូសគ្រឿងញៀន បានជាង២០៩គីឡូក្រាម៕EB