ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ តទៅ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ផ្អាកនូវការចេញផ្សាយសេចក្តីជូនព័ត៌មានប្រចាំថ្ងៃ និងការធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ស្តីពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា «ការចេញផ្សាយសេចក្តីជូនព័ត៌មានប្រចាំថ្ងៃនិងការធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ត្រូវបានផ្អាកធ្វើជាបណ្ដោះអាសន្នចាប់ពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ តទៅ»។

ក្រសួងសុខាភិបាលបន្តថា នៅពេលខាងមុខនេះប្រសិនបើមានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ឬការវិវឌ្ឍថ្មីពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា ក្រសួងនឹងជម្រាបជូនដំណឹងជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបជាមិនខានឡើយ។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា ការផ្អាកជូនព័ត៌មាននិងការផ្អាកធ្វើសន្និសីទសារព័ត៌មាននេះ មិនមែនមានន័យថា ពីការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរនោះឡើយ ដែលតោងឲយមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាប់ជានិច្ច។

សូមរំលឹកថា រហូតដល់ពេលនេះ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩នៅកម្ពុជា សរុបមានចំនួនកើនឡើងដល់ ១២២នាក់ ដែលស្មើនឹង ១០០ភាគរយ ធៀបនឹងចំនួនអ្នកឆ្លងវីរុសជំងឺកូវីដ-១៩ ទាំងអស់ ផងដែរ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ