ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារទីស្នាក់ការបក្សប្រជាជនកម្ពុជាដ៏ស្កឹមស្កៃ និងស្រស់ស្អាត
(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញទៅពិនិត្យអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមានព្រឹទ្ធសភា។
អគារថ្មីនៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទីតាំងអគារចាស់ ដែលមានទំហំប្រមាណ ៥,៤០០ម៉ែត្រក្រឡា និងមានកម្ពស់ចំនួន៦ជាន់។ អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ត្រូវបានសាងសង់ឡើងជាមួយនឹងក្បូក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានភាពល្អប្រណិត។ ពីខាងក្រៅអគារទាំងមូលត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។
គួរបញ្ជាក់ផងដែរថា អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា សាងសង់ជិតរួចរាល់ទាំងស្រុងហើយប្រមាណ៩៥%។ វត្តមានដ៏ឧត្តុងឧត្តម និងស្រស់ស្អាតនៃអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានរំលេចរូបរៀងឡើងក្នុងគម្រប់ខួប៦៩ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។វត្តមានអគារដ៏ស្កឹមស្កៃនៃអគារក៏ជាការបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគតកាល៕