បុរសជនជាតិខ្មែរម្នាក់ចុងក្រោយ ដែលបើកបររថយន្តដឹកភ្ញៀវទេសចរបារាំង រស់នៅក្នុងខេត្តសៀមរាប បន្ថែមទៀត បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប !
នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន១រូបបន្ថែមទៀតហើយ ដែលរស់នៅក្នុងខេត្តសៀមរាប ហើយក៏មនុស្សចុងក្រោយដែរ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីការធ្វើតេស្ត២លើកចុងក្រោយអវិជ្ជមានមេរោគជំងឺកូវីដ- ១៩ ។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បង្ហាញថា បុរសជនជាតិខ្មែរចុងក្រោយនេះ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ ជាមួយនោះ លោកប្រធានមន្ទីរ ក៏បានណែនាំដល់ អ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយទាំង៧រូប ត្រូវបន្តរក្សាខ្លួនដាក់ដោយឡែក១៤ថ្ងៃបន្ថែមទៀត ទោះបីពួកគេត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរក៏ដោយ។
គួរបញ្ជាក់ថា: ក្នុងខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៧នាក់ និងបានជាសះស្បើយ ៦នាក់ គិត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ÷
- ទី១ បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ ពីជនជាតិជប៉ុន ។
- ទី២ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីទៅចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី ។
- ទី៣ និងទី៤: បុរសជនជាតិឥណ្ឌូនេស៊ី ២នាក់ (មិត្តភក្តិ) រកឃើញជំងឺកូវីដ១៩នៅទីក្រុងបាងកក ប្រទេសថៃ ។
- ទី៥ និងទី៦: ស្ត្រីជនជាតិខ្មែរជាម្ដាយ និងកូនប្រុស (២នាក់) ដែលបានឆ្លងជំងឺកូវីដ១៩ ពីបុរសជាប្ដី ហើយបានជាសះស្បើយ នៅថ្ងៃទី១៩ ខែមេសា នេះ។
ទី ៧ - ថ្ងៃនេះបុរសជនជាតិខ្មែរ រស់នៅក្នុងខេត្តសៀមរាប ដែលបានឆ្លងជំងឺកូវីដ១៩ ពីភ្ញៀវទេសចរជនជាតិបារាំង ១រូបទៀត បានជាសះស្បើយហើយអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្ត ៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ