ក្រសួងសុខាភិបាល កម្ពុជា ៖ អ្នកជំងឺកូវីដ១៩ ជាសះស្បើយថ្មីចំនួន២នាក់ទៀត ហើយពុំមានករណីអ្នកឆ្លងថ្មីទេ
ភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជា បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន២នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៩៨នាក់ ហើយពិសេសបំផុតពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះថា ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន២៤នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ ក្រសួងសុខាភិបាល រៀបរាប់ថា ករណីជាសះស្បើយមាន០២នាក់ រួមមាន ៖បុរសជនជាតិបារាំងអាយុ៨០ឆ្នាំ ជាភ្ញៀវទេសចរ ដែលសម្រាកព្យាបាល នៅសណ្ឋាគារក្រុងព្រះសីហនុ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាល បន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បច្ចុប្បន្នបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បន្ថែមថា បុរសជនជាតិបារាំងអាយុ៦១ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសបារាំង និងស្នាក់នៅបណ្ដោះអាសន្នម្ដុំទួលទំពូងរាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ដោយ E B
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត