រហូតដល់ថ្ងៃទី០៨ ខែឧសភា ក្រសួងសុខាភិបាល បានប្រកាសពីការបន្តមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទៀតទេ នៅក្នុងប្រទេសកម្ពុជា។ ពោលគឺនៅកម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ១២២នាក់ ហើយក្នុងនោះ មាន ១២០នាក់ បានព្យាបាលជាសះស្បើយ។ នៅសល់តែអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកទាំងពីរនោះ ជាជនជាតិខ្មែរ ដែលម្នាក់ជាបុរស អាយុជាង ៧០ឆ្នាំ នៅខេត្តកំពង់ឆ្នាំង និងម្នាក់ទៀត ជាស្ត្រី អាយុជិត ៤០ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់អំពីមូលហេតុ ដែលបុរសស្ត្រីខ្មែរទាំង ២នាក់នោះ ព្យាបាលយូរថ្ងៃ មិនទាន់ជាសះស្បើយពីជំងឺកូវីដ១៩ ដោយសារតែបុរសនោះ មានវ័យចាស់ ហើយមានបញ្ហាសុខភាពពីមុន ដែលទាមទារពេលវេលាយូរថ្ងៃ ក្នុងការព្យាបាលឲ្យជាសះស្បើយពីជំងឺកូវីដ១៩។ រីឯស្ត្រីអាយុជិត ៤០ឆ្នាំ នៅខេត្តបន្ទាយមានជ័យ មានបញ្ហាសុខភាពផ្លូវចិត្ត ដែលយប់ៗ គាត់មិនសូវសម្រាន្ត។

យ៉ាងណាក៏ដោយ លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទាំង ២នាក់នេះ មានសុខភាព មិនវិវត្តទៅរកការព្រួយបារម្ភនោះទេ ហើយក្រុមគ្រូពេទ្យ ក៏កំពុងសស្រាក់សស្រាំ ដើម្បីព្យាបាលអ្នកទាំងពីរផងដែរ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ