ក្រសួងសុខាភិបាលកម្ពុជា បន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយកើនឡើងដល់ ៩១នាក់ និងមិនទាន់មានអ្នកឆ្លងថ្មីទៀតឡើយ
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានបន្តព្យាបាល អ្នកជំងឺកូវីដ១៩ ឲ្យបានជាសះស្បើយបានចំនួន១៤នាក់បន្ថែមទៀតធ្វើឲ្យចំនួន អ្នកជាសះស្បើយសរុបកើនឡើងរហូតដល់ ៩១នាក់ ខណៈមិនមានករណីឆ្លងថ្មី បន្ថែមទៀតនោះទេ។
យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០បានឲ្យដឹងថា អ្នកព្យាបាលជាសះស្បើយទាំងនោះរួមមាន៖ បុរសជនជាតិបារាំង៣នាក់ អាយុ៦១ឆ្នាំនិងអាយុ៥៨ឆ្នាំ ស្រ្តីជនជាតិបារាំង៧នាក់ អាយុ៥៩ឆ្នាំ អាយុ៦៦ឆ្នាំ អាយុ៦០ឆ្នាំ អាយុ៦០ឆ្នាំ អាយុ៦៩ឆ្នាំ អាយុ៦០ឆ្នាំ និងអាយុ៥៩ឆ្នាំ (ពួកគេសុទ្ធតែជាអ្នកទេសចរបារាំងមកលេង នៅក្រុងព្រះសីហនុ) ព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ហើយបច្ចុប្បន្ន ពួកគេត្រូវបានដាក់នៅដោយឡែក តាមបន្ទប់នៅសណ្ឋាគារ ក្នុងព្រះសីហនុ រងចាំជើងហោះហើរ វិលត្រឡប់ ទៅប្រទេសបារាំងវិញ, បុរសជនជាតិឥណ្ឌូនេស៊ី២នាក់ អាយុ៤១ឆ្នាំ និងអាយុ៤៥ឆ្នាំ បានទទួលព្យាបាល ជាសះស្បើយដោយលទ្ធផល តេស្តអវិជ្ជមានកូវីដ១៩ចំនួន២លើកត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យខេត្តព្រះសៀមរាប ,បុរសជនជាតិខ្មែរ ចំនួន២នាក់ អាយុ៣៣ឆ្នាំ ជាអ្នកមគ្គុទេសទេសចរ បារាំងនៅក្រុងព្រះសីហនុនិងអាយុ៣៩ឆ្នាំ មានអាស័យដ្ឋានសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានជាសះស្បើយដោយទទួលលទ្ធផល តេស្តអវិជ្ជមានកូវីដ១៩ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាព ចាក់អង្រែក្រោម រាធានីភ្នំពេញផងដែរ។
សេចក្ដីជូនព័ត៌មានបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះកម្ពុជា មានអ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ សរុបចំនួនកើនដល់ ៩១នាក់ (ស្មើនឹង ៧៤,៥៩% ធៀបនឹងចំនួនអ្នកមានផ្ទុកកូវីដ១៩ទាំងអស់) ដែលមានបុរសជនជាតិចិន១នាក់ ស្រ្តីជនជាតិអង់គ្លេស៣នាក់ បុរសជនជាតិអង់គ្លេង១នាក់ បុរសជនជាតិប៊ែលហ្សិក១នាក់ បុរសជនជាបរាំង១៥នាក់ (ក្នុងនេះ មានទារកអាយុ៤ខែ) ស្រ្តីជនជាតិបរាំង២០នាក់ បុរសជនជាតិម៉ាឡេស៊ី១០នាក់ បុរសជនជាតិឥណ្ឌូនេស៊ី២នាក់ បុរសជនជាតិខ្មែរ៣៤នាក់ និងស្រ្តីជនជាតិខ្មែរ៤នាក់ (គិតចាប់ពីខែមករាដល់បច្ចុប្បន្ននេះ)។
សេចក្ដីជូនព័ត៌មានបន្ថែមថា អ្នកដែលកំពុងសម្រាកព្យាលបាល នៅតាមមន្ទីរពេទ្យទាំងថ្នាក់ជាតិនិងថ្នាក់ខេត្ត សរុបចំនួន ៣១នាក់ (ស្រ្តី១១នាក់ និងបុរស២០នាក់)។ សម្រាប់អ្នកដែលមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ (រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេសសរុបចំនួន ១២២នាក់ (ស្រ្តី៣៨នាក់និងបុរស៨៤នាក់)៕ដោយ ៖ E B
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត