នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម  លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម  លី ឈាង បានស្វាគមន៍ចំពោះវត្តមានរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសចិន សាជាថ្មីម្តងទៀត ក្នុងឆ្នាំ២០២៣នេះ ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៦៥ នៃចំណងការទូតផ្លូវការកម្ពុជា-ចិន ដែលជាចំណងមិត្តភាពជិតស្និទ្ធ រឹងមាំ និងយូរអង្វែង សំដៅឆ្ពោះទៅកាន់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។ ឯកឧត្តមនាយករដ្ឋមន្រ្តីចិន ក៏បានរំលេចផងដែរនូវសមិទ្ធផលនានាជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ លើគម្រោងជាច្រើន ជាពិសេស ការបើកឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិថ្មី នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ ក៏ដូចជាការចុះអនុស្សារណៈនៃការយោគយល់ (MOU) ពាក់ព័ន្ធនឹងគម្រោងមួយចំនួន នៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បក្ស និងរដ្ឋាភិបាលចិនចំពោះគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញនូវក្តីសោមនស្សរីករាយ ដែលបានជួប ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជាលើកទី៣ ក្នុងរយៈពេលត្រឹមប៉ុន្មានខែកន្លងទៅនេះ ព្រមជាមួយនឹងការអរគុណផងដែរចំពោះការរៀបចំទទួលដំណើរយាងពិនិត្យព្រះរាជសុខភាព ថ្វាយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩ នៅក្នុងប្រទេសចិន ព្រមទាំងបានចូលរួមសម្តែងនូវមរណៈទុក្ខ និងការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់ប្រជាជនចិនចំនួនបួនរូប និងបាត់ខ្លួនពីររូប នៅក្នុងប្រទេសអ៉ីស្រាអែល ។ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន, សម្តេចធិបតី បានសម្តែងនូវក្តីពេញចិត្តចំពោះការសម្រេចបាននូវការចុះហត្ថលេខាលើ MOU ចំនួនប្រាំបី ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ។ 

ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាផងដែរអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀត រួមមាន៖ វិស័យវិនិយោគ, កសិកម្ម, ពាណិជ្ជកម្ម, អប់រំ, កីទ្បា, ការពារជាតិ, សុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។ សំខាន់ផងដែរនោះ ឯកឧត្តម លី ឈាង ក៏បានឯកភាពតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងគម្រោងនៃការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស ដោយយកកត្តាប្រជាជនជាគោល ៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ