បទ​បង្ហាញ​នេះធ្វើ​​ ជូនអង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវដែលមាមវេជ្ជបណ្ឌិត​ តេដ្រូស​ អគ្គនាយកអង្គការសុខភាពពិភពលោក​ ជាប្រធានអង្គប្រជុំ​ និងបណ្តាប្រទេសជាសមាជិកចូលរួមជាង១២០នាក់​ នាថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២០​ វេលាម៉ោង​ ១៧:៣០នាទី​ ដល់ម៉ោង​ ២០:៣០នាទី​ តាមប្រព័ន្ធអនឡាញ​ (Teleconference) ដែលមាន​ចំណុចសំខាន់ៗដូចតទៅ​ ៖

 

ក.​ ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩​ គឺភាគច្រើននលើសលុបជាករណីនាំចូល​ ហើយមានការចម្លងបន្តរប៉េះរប៉ោះ ដែលមិនទាន់ចូលដល់ដំណាក់កាលនៃការចម្លងចូលសហគមន៌នៅឡើយទេ។ ករណីឈឺសរុបគិតត្រឹមថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២០​ នេះ​ មាន​ ១២៩ករណី​ មិនមានស្លាប់​ បានព្យាបាលជាចំនួន​ ១២៦នាក់​ និងស្ថិតនៅកំពុងព្យាបាលចំនួន​ ៣នាក់។

 

ខ.​ ការទប់ស្កាត់ការចម្លងរាលដាលនៃវីរុសកូវីដ-១៩​ នៅក្នុងប្រទេសបានល្អប្រសើរនេះ​ ដោយសារ​ កត្តា​ ៤​ សំខាន់ៗ​ គឺ​ ៖
១.​ ការដឹកនាំដ៏ខ្លាំង​ខ្លា ដោយភាពបើនប្រសព្វ​ ឈ្លៀសវៃ​ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ និងការសហការសម្របស្រួលអនុវត្តដោយយកចិត្តទុកដាក់របស់លោកសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ព្រមទាំងថ្នាក់ដឹកនាំ​ មន្ត្រី​ បុគ្គលិកសុខាភិបាល ក្រុមគ្រូពេទ្យទាំងអស់​ និងការចូលរួមពីស្ថាប័ន​ ក្រសួងនានា​ អាជ្ញាថ្នាក់ក្រោមជាតិ​ វិស័យឯកជន​ និងបងប្អូនប្រជាពលរដ្ឋទាំងអស់​ ដែលនេះជាបែបជ្រើសរើសដ៏ត្រឹមត្រូវ​ យកការអនុវត្តន៌តាមបែបហៅថា​ "រដ្ឋាភិបាលទាំងមូល​ សង្គមទាំងមូល" របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា​ មានផែនការមេ​ មានគណកម្មការជាតិ​ (ដឹកនាំដោយសម្តេចតេជោផ្ទាល់) គណកម្មការអន្តរក្រសួង​ (ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល)​គណកម្មការខេត្ត​ (ដឹកនាំដោយ អភិបាលនៃគណអភិបាលរាជធានី-ខេត្ត)​ ក្រុមការងារតាមបណ្តាស្ថាប័ន-ក្រសួងនានា​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

 

២.​ ការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ លើការវិនិយោគតាំងពីដើមរៀងមកក្នុងវិស័យសុខាភិបាល​ បានកសាងឲ្យមានប្រព័ន្ធសុខាភិបាលសាធារណ:ប្រកបដោយប្រសិទ្ធិភាព​ ដែលកម្ពុជាបានចល័តក្រុមឆ្លើយតបបន្ទាន់​ (RRT)​ បានយ៉ាងសកម្ម​ រហ័ស​ រុករកករណីឈឺ​ និងសង្ស័យ​ ធ្វើការស្វែងរកអ្នកប៉ះពាល់​ ជាដើម។ ទន្ទឹមនឹងនោះ​ ប្រព័ន្ធតាមដានជំងឺឆ្លងជាច្រើន​ ត្រូវបានប្រើប្រាស់​ និងពង្រីកបន្ថែម​ ដូចជាប្រព័ន្ធ​ហៅចូលទាន់ហេតុការណ៌​ Hotline ១១៥​ ជាមួយនឹងប្រព័ន្ធតាមដានព្រឹត្តិការណ៌ជាក់ស្តែង​ និងការតាមដានអ្នកជំងឺបែបផ្តាសាយ​ និងរលាកផ្លូវដង្ហើម​ (ILI/SARI) ជាដេីម។ មន្ទីរពិសោធន៌វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ:​ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ មានសមត្ថភាពក្នុងការធ្វើតេស្ត​រកវីរុសកូវីដ-១៩​ បានរហូតដលជាង​ ២៨.០០០​ សំណាកហេីយគិតត្រឹមថ្ងៃនេះ។

 

៣.​ ការធ្វើទំនាក់ទំនងលើហានិភ័យ​ និងការចូលរួមរបស់សហគមន៌​ ជាកត្តាចាំបាច់មិនអាចខ្វះបាន​ និងត្រូវបានជម្រុញអនុវត្ត​បានយ៉ាងសកម្ម មានការគាំទ្រពេញទំហឹង​ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា ដោយក្រសួងសុខាភិបាល​ បានផ្សព្វផ្សាយ​ និងចែកចាយព័ត៌មានតាមរយ:ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក​ តាមទូរទស្សន៌​ ធ្វើសន្និសីទសារព័ត៌មានជាប់ជាប្រចាំ​ និងតាមបណ្តាញផ្សព្វផ្សាយសង្គមនានា​ ព្រមទាំងបោះពុម្ភចែកចាយសារអប់រំសុខភាព​ទូទាំងប្រទេស​ បែបជាក្រដាសផ្នត់​ ផ្ទាំងរូបធំ​ វីដេអូឃ្លីប​ និងបែបជាចម្រៀង​ បានជាច្រើនវគ្គ​ ច្រើនសារអប់រំ​ ។

 

៤.​ អ្វីដែលជាចំណុចខ្លាំងមួយដែរនោះ​ គឺការសាមគ្គីភាពគ្នា​ និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាសាកល​ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាន់យក​ ជាពិសេស​ គឹការសម្រេចចិត្តឲ្យនាវា​ MS Westerdam​ ផ្ទុកអ្នកដំណើររាប់ពាន់នាក់​ បានចូលសំចតនៅកម្ពុជា​ ដោយជិតអស់ស្បៀងអាហារ​ ជិតអស់ប្រេងនាវា​ និងកង្វះតម្រូវការផ្សេងៗរបស់អ្នកដំណើរលើនាវា​ ដោយបានអនុវត្តយ៉ាងល្អប្រសើរនូវគោលការណ៌​ "បេះដូងមនុស្សធ៌ម​ សង្គ្រោះអាយុជីវិតមនុស្ស"​ និងការគោរពសិទ្ធិរស់រានមានជីវិត​ ដោយមិនប្រកាន់ពូជសាសន៌​ ព័ណសម្បុរ​ វណ្ណ:​ ឫសាសនា​ អ្វីទាំងអស់ រួមទាំងការចល័តធនធានក្នុងប្រទេស​ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ កិច្ចសហការបច្ចេកទេសដោយតម្លាភាព​ ជាមួយអង្គការសុខភាពពិភពលោក​ មជ្ឈមណ្ឌលត្រួតពិនិត្យជងឺឆ្លងសហរដ្ឋអាមេរិក​ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ និងអង្គការដៃគូផ្សេងៗទៀត​ បានអនុញ្ញាតឲ្យចូលរួមក្នុងការតាមដាន​ រុករក​ និងឆ្លើយតបបន្ទាន់ដែរ។ ទន្ទឹមនឹងនោះ​ មានការគាំទ្រពីដៃគូទ្វេភាគី​ និងពហុភាគី​ ពិបណ្តាប្រទេសមួយចំនួន​ និងវិស័យឯកជនជាច្រើន​ លើការផ្តល់ជំនួយបច្ចេកទេស​ និងថវិកា​ សម្រាប់កិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ផងដែរ។ ការចូលរួមប្រជុំ​ បានជាទៀងទាត់​ ដើម្បីការចែករំលែកបទពិសោធន៌​ និងមេរៀន​ លើការធ្វើអន្តរាគមន៌ឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ-១៩​ របស់កម្ពុជា​ នៅលើឆាកអន្តរជាតិ​ ក៏ជាការបង្ហាញដល់មតិសាធារណអន្តរជាតិ​ នូវសមត្ថភាពនៃការដឹកនាំដ៏ខ្លាំង​ខ្លាប្រកបដោយឆន្ទះស្រឡាញ់ប្រជាជន​ និងបេះដូងមនុស្សធ៌មព្រមទាំងការគោរពសិទ្ធិមនុស្សរបស់សម្តេចតេជោ​ "បុរសខ្លាំងរបស់កម្ពុជា" និងការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពនៃក្រុមការងារនានារបស់រាជរដ្ឋាភិបាល​ ជាពិសេស​ បានបង្ហាញពីសមត្ថភាពក្រុមគ្រូពេទ្យកម្ពុជា​ និងក្រសួងសុខាភិបាលកម្ពុជា។

 

ដោយមិនភ្លេចវីរុសកូវីដ-១៩​ កម្ពុជានៅតែបន្តកិច្ចការពាររលកទីពីរដោយយកចិត្តទុកដាក់ខ្ពស់លើការត្រៀមលក្ខណ:សម្រាប់អនាគតនៃការការពារការចម្លងជំងឺ​នេះ​ ប្រសិនបើមាន​ ហើយប្រកាន់យកការប្រុងប្រយ័ត្នជានិច្ចនូវការចម្លងចូលក្នុងសហគមន៌​ ដោយសម្លឹងរកកាល:ទេស:​ ឫឱកាសសម្រាប់ចាប់យកការបន្តពង្រឹងប្រព័ន្ធសុខាភិបាលបន្ថែមទៀតសម្រាប់ពេលអនាគត​ ក្នុងពេលកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ទោះបីជាស្ថានភាពរាតត្បាតលើសាកលលោក​នៅខ្លាំងខ្លានៅឡើយ​ និងមានភាពមិនច្បាស់លាស់នៃវីរុសនេះក៏ដោយ។

 

ចុងបញ្ចប់​ លោកវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងជាប្រធានក្រុមការងារប្រតិបត្តិការអប់រំ​ បណ្តុះបណ្តាល​ និងទំនាក់ទំនងសាធារណ:​ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់អង្គការសុខភាពិភលោក​ ដៃគូពាក់ព័ន្ធទាំងអស់​ ដៃគូទ្វេ​ និងពហុភាគីទាំងអស់​ បណ្តាប្រទេសជាមិត្តនានា​ អង្គការជាតិ​ និងអន្តរជាតិទាំងអស់​ ដែលបានជួយជ្រោមជ្រែងដល់កិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩​ នៅកម្ពុជា​ និងការយកចិត្តទុកដាក់ទាំងអស់គ្នាក្នុងការទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ-១៩​ ដើម្បីស្រោចស្រង់អាយុជីវិតប្រជាជននៅជុំវិញពិភពលោកយើងនេះ។

 

ព័ត៌មាន​ និងបទបង្ហាញរៀបចំដោយ៖
លោក វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ ជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធាន​ក្រុមការងារប្រតិបត្តិការអប់រំ​ បណ្តុះបណ្តាល​ និងទំនាក់ទំនងសាធារណ:​ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ