រាជរដ្ឋាភិបាល ព្យាករណ៍ថា ក្នុងពេលជួបវិបត្តិ កូវីដ-១៩ នៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចកម្ពុជា នឹងថយចុះដល់ ១.៩%
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ព្យាករណ៍សេដ្ឋកិច្ច កម្ពុជាលើកដំបូង ក្នុងពេលជួបវិបត្តិ កូវីដ-១៩ ឆ្នាំ២០២០នេះ សេដ្ឋកិច្ចកម្ពុជា នឹងថយ ចុះដល់១.៩% ដែលជាអត្រាមិនធ្លាប់មានកន្លងមក ចំណែកក្នុងឆ្នាំ២០២១ ត្រូវបានរំពឹងថា អាចនឹងងើបឡើងវិញ មកក្នុងអត្រាកំណើន ៣.៥%។
យោងតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យ ដឹងថា «សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមាន កំណើន អវិជ្ជមាន ១.៩% ដែលជាអត្រា មិនធ្លាប់មានកន្លងមក, ដែលតាមច្បាប់ស្ដីពី ហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រង ឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបាន គ្រោងសម្រេចបានក្នុងអត្រា៦.៥%, ដោយ សារការរីករាលដាល យ៉ាងលឿននៃជំងឺកូវីដ១៩ ដែលបាននិងកំពុង ធ្វើឲ្យតម្រូវការខាងក្រៅ ធ្លាក់ចុះយ៉ាងគំហុក និងរុញច្រានប្រទេសជាច្រើន ជាពិសេសបណ្ដាប្រទេស ដែលជា ដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជា ប្រឈមនឹងកំណើនអវិជ្ជមាន»។
រាជរដ្ឋាភិបាល បន្ដថា ទោះជាយ៉ាងនេះក្ដី តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២១ ត្រូវបានរំពឹងថា អាចនឹងងើបឡើងវិញ មកក្នុងអត្រាកំណើន៣.៥% ដោយសារការរំពឹងទុក នៃការងើបឡើងវិញយឺត នៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសការកើនឡើង ក្នុងកម្រិតទាប នៃតម្រូវការខាងក្រៅ និង ទំនុកចិត្តទីផ្សារក្នុងស្រុក។
ប្រភពដដែលបន្ថែមថា កំណើននេះ ត្រូវបានគាំទ្រដោយកំណើន នៃវិស័យកសិកម្ម ប្រមាណ១.៦% និង ការងើបឡើងវិញ នៃវិស័យឧស្សាហកម្ម ដែលអាចសម្រេចបានកំណើន ក្នុងអត្រា៤.១% ដោយសារការកើនឡើងវិញ ក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុ វិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ នៅតែបន្ត កំណើនល្អ ប្រសើរ, ព្រមទាំងការកើនឡើងវិញ នៃវិស័យសេវាកម្មមក ក្នុងអត្រាកំណើនទាប ៣.៦% ដោយសារ ការរំពឹងទុកការងើបឡើងវិញ ក្នុងកម្រិតទាបនូវសកម្មភាពសេដ្ឋកិច្ច ជាពិសេស ក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុក បន្ទាប់ពីវិបត្តិកូវីដ-១៩។
ប្រភពបន្ថែមទៀតថា អត្រាអតិផរណា ត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងកម្រិត អាចគ្រប់គ្រងបាន ក្នុងអត្រា២.៨% ក្នុងឆ្នាំ២០២០ ដោយសារការ រំពឹងទុកការកើនឡើង នៃតម្រូវការ (demand shock) ម្ហូបអាហារ និងផលិតផលផ្សេងទៀតនៅ លើទីផ្សារស្របពេល ដែលការផ្គត់ផ្គង់ត្រូវបានរំពឹងថា នឹងថមថយ ខណៈដែលថ្លៃដឹកជញ្ជូន ត្រូវបានប៉ាន់ស្មានថា នឹងធ្លាក់ចុះទៅតាមនិន្នាការ ថ្លៃប្រេងលើទីផ្សារអន្តរជាតិ។ ក្នុងឆ្នាំ២០២១អត្រានេះ ត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងអត្រា៣.១% ដោយសារការរំពឹងទុក ការកើនឡើងបន្តិចមកវិញ នូវថ្លៃប្រេងអន្តរជាតិ៕EB