នាយករដ្ឋមន្ត្រី ផ្ដាំផ្ញើទៅពលរដ្ឋកុំធ្វេសប្រហែសចំពោះជំងឺកូវីដ១៩ ព្រោះជំងឺនេះ មិនទាន់មានថ្នាំព្យាបាលឡេីយ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំផ្ញេីទៅដល់ប្រជាពលរដ្ឋខ្មែរថាកុំធ្វេសប្រហែសឲ្យសោះចំពោះជំងឺកូវីដ-១៩ ព្រោះជំងឺនេះ នៅតែមិនទាន់មានថ្នាំព្យាបាលឡេីយ ដូច្នេះពលរដ្ឋត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលាផងដែរ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២០ ថា "ខ្ញុំសូមផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ ជាពិសេស នៅថ្ងៃចុងសប្តាហ៍ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួន ធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានា ដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន និងដើរកំសាន្តនៅតាមផ្សារទំនើបតូចធំជាដើម"។
សម្ដេចតេជោ បន្ដថានៅតាមផ្សារភោជនីយដ្ឋាន ជាពិសេសមន្ទីរពេទ្យត្រូវមានម៉ាស និងមានទឹកអាល់កុលឬចឹលប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដេីម្បីទប់ស្កាត់ការការឆ្លងជំងឺ។
សម្ដេចតេជោ បន្ថែមថា "ចំពោះបងប្អូនប្រជាពលរដ្ឋត្រូវមានម៉ាស ទឹកអាល់កុល ឬចឹលដាក់ជាប់តាមខ្លួនជាប្រចាំ ព្រោះជំងឺនេះងាយឆ្លងណាស់។ កុំធ្វេស ប្រហែសឲ្យសោះ ឬគិតលេងៗថាមិនអីទេ ប្រទេសយើងមិនឆ្លងទេនោះ គឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។ ជំងឺកូវីដ១៩ដ៏កាចសាហាវនេះកំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ"។
បន្ថែម នាយករដ្ឋមន្ត្រី បញ្ជាក់ថា ដូច្នេះពលរដ្ឋគ្រប់គ្នាត្រូវប្រុងប្រយ័ត្នការពារសុខភាព។ បេីមានចម្ងល់ឬបញ្ហាអ្វីមិនច្បាស់អំពីជំងឺកូវីដ១៩សូមទូរស័ព្វទៅលេខ ១១៥។ ជាពិសេសពលរដ្ឋធ្វើដំណើរមានសុខសុវត្ថិភាព និងចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា៕EB