រកឃើញករណីឆ្លង ០២នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកមានវីរុសកូវីដ១៩កើនដល់ ១១៧នាក់ទូទាំងប្រទេស
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លង មេរោគកូវីដ-១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត ចំណែក អ្នកជាសះស្បើយពីជំងឺ កូវីដ-១៩ មានរហូតដល់ ចំនួន៥នាក់ កើនដល់៦៣នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន៥៤នាក់ ហើយអ្នកឆ្លងសរុបទាំងអស់ កើនដល់១១៧នាក់។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ មេសា នេះ រៀបរាប់ ថា អ្នកជាសះស្បើយ ចំនួន៥នាក់ នាថ្ងៃនេះ រួមមាន ៖ បុរសជនជាតិបារាំង ២នាក់ អាយុ៦៣ឆ្នាំ និងអាយុ៦៧ឆ្នាំ ជាអ្នកទេសចរបារាំង ,បុរសជនជាតិខ្មែរអាយុ ៣៦ឆ្នាំ នៅរាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីជប៉ុន ,ស្រ្ដីជនជាតិខ្មែរ អាយុ៣៧ឆ្នាំ នៅរាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីបារាំង ,បុរសជនជាតិខ្មែរ អាយុ២៨ ឆ្នាំ នៅរាជធានីភ្នំពេញ អ្នករកស៊ីមានមិត្តភ័ក្ដ្រ ចេញ-ចូល នៅច្រកប៉ោយប៉ែន។
ចំណែក ករណីវិជ្ជមានវិរុស កូវីដ-១៩ ថ្មី ២នាក់បន្ថែមទៀត នាថ្ងៃនេះ រួមមាន ៖ ស្ដ្រីជនជាតិខ្មែរ អាយុ៤៥ឆ្នាំ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែក្រោម រាជធានីភ្នំពេញ ,បុរសជនជាតិខ្មែរអាយុ ៤៧ឆ្នាំ ត្រូវជាស្វាមីស្ដ្រីខាងលើ រស់នៅ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យ សម្រាកព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែក្រោម រាជធានីភ្នំពេញ។
ក្រុមការងាររបស់ ក្រសួងសុខាភិបាល កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីជាបន្ដទៀត ហើយ នឹងបន្ដជម្រាបជូនដល់សាធារណជន ប្រសិនបើមានរកឃើញករណីវិជ្ជមានវិរុស កូវីដ-១៩ ថ្មីណាផ្សេងទៀត។
ក្រសួងសុខាភិបាល ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ មន្ដ្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យ ទាំងអស់នៅទូទាំងប្រទេស ជាដើម ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់ កន្លងមក រួមទាំង ការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវិរុស កូវីដ-១៩ ដើម្បីទប់ស្កាត់ការចម្លងវិរុស កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់អំពីជំងឺ កូវីដ-១៩ ក្រសួងសុខាភិបាល នៅថ្ងៃដ៏ដែល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពី ការធ្វើសន្និសីទសារព័ត៌មាន អំពី បច្ចុប្បន្នភាព ជំងឺកូវីដ-១៩។
តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល រៀបរាប់ថា យោងតាមការសម្រេចចិត្តរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្មីៗនេះ ក្រសួងសុខាភិបាល នឹងធ្វើសន្និ សីទសារព័ត៌មាន ស្ដីអំពី បច្ចុប្បន្នភាពជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃទីច័ន្ទ នៃសប្ដាហ៍នីមួយៗ វេលាម៉ោង ៩៖៣០នាទីព្រឹក នៅទីស្ដីការ ក្រសួងសុខាភិបាល។
សន្និសីទនេះ មានគោលបំណងជម្រាបជូនដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋនៅទូទាំង ប្រទេស អំពី ៖ទី១-ស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ,ទី២-រាយការណ៍ពីការរាតត្បាត និងអន្ដរាគមន៍ឆ្លើយតប និងទី៣-ផ្ដល់ព័ត៌មានស្ដីពី វិធានការណ៍ទប់ស្កាត់នៃការផ្ទុះឡើង នៃជំងឺកូវីដ-១៩ និងបញ្ហាពាក់ព័ន្ធ ផ្សេងៗទៀត ផងដែរ៕
ដោយ ៖ E B
សូមអានលំអិតសេចក្តីជូនព័ត៌មាននៅខាងក្រោមនេះ ៖