ក្រសួងសុខាភិបាល ក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងបន្ថែមទៀត នូវការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ភ្នំពេញ ៖ ដើម្បីឲ្យកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងបន្ថែមទៀត នូវការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។
យោងតាមលិខិតរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា «អភិបាលរាជធានី-ខេត្ត ត្រូវខិតខំជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានសម្រេចគោលដៅ»។
ក្រសួង បន្ដថា ត្រូវយកចិត្តទុកដាក់ថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមទីតាំងព្យាបាល និងមន្ទីរពេទ្យ ក៏ដូចជានៅតាមផ្ទះធ្វើយ៉ាងណាកាត់បន្ថយ ឲ្យបានជាអតិប្បរមានូវអត្រាឈឺធ្ងន់ និងស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានល្អ និងគ្រប់ជ្រុងជ្រោយ តាមមគ្គុទេសក៍សម្រាប់គ្រប់គ្រង និងព្យាបាលជំងឺកូវីដ-១៩ នៃព្រះរាជាណាចក្រកម្ពុជា ដែលចេញដោយក្រសួងសុខាភិបាល។
ក្រសួង បន្ថែមថា ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋប្រតិបត្តិឲ្យបានត្រឹមត្រូវ នូវវិធានការសុខាភិបាល ដោយរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន «៣ការពារ ៣កុំ» សំដៅធ្វើយ៉ាងណាកាត់បន្ថយអត្រាឆ្លងថ្មី ឲ្យបានជាអតិប្បរមា។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២០.៤២៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១១៦.៨១៥នាក់ និងអ្នកស្លាប់ ចំនួន៣.០០៥នាក់៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត