(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២នេះ ជម្រាបជូនក្រុមហ៊ុន ពាណិជ្ជករ សមាគម ដឹកជញ្ជូនទំនិញនាំចេញ-នាំចូល និងសាធារណជន ឱ្យបានជ្រាបថា នាពេលបច្ចុប្បន្ន ដោយប្រឈមនឹងស្ថានភាពដ៏ស្រួចស្រាវ នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» ដែលមានហានិភ័យខ្ពស់ បណ្តាប្រទេសក្នុង តំបន់និងសកលលោកបានចាប់ផ្តើមដាក់ចេញនូវវិធានការរឹតបន្តឹងផ្នែកសុខាភិបាលនិងរឹតត្បិតការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ សំដៅបង្ការនិងទប់ស្កាត់ការរីករាលដាលជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឱ្យដឹងថា សកម្មភាពនាំចូល និងនាំចេញទំនិញនៅច្រកព្រំដែនវៀតណាម និងចិនបានជួបប្រទះការកកស្ទះយ៉ាងខ្លាំង ជាពិសេស នៅច្រកទ្វារព្រំដែនខេត្ត Lang Son និងខេត្ត Quang Ninh ។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងខេត្តទាំងពីរខាងលើ មានរថយន្តប្រមាណជាង ៦០០០គ្រឿង កំពុងរង់ចាំការនាំចេញទៅកាន់ប្រទេសចិន។ តាមការវាយតម្លៃជារួមឃើញថា បរិមាណទំនិញដែលអាចនាំចេញបាននៅតាមច្រកព្រំដែន សំខាន់ៗមួយចំនួនជាមួយប្រទេសចិនមានចំនួនត្រឹមតែ ២៥-៣០% ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងលក្ខខណ្ឌនាំចេញធម្មតា។ លើសពីនេះ ច្រកទ្វារព្រំដែនមួយចំនួនទៀតនៅតែបន្តផ្អាកដំណើរការគយជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។

ក្រសួងពាណិជ្ជកម្មកម្ពុជា អំពាវនាវដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ទាំងអស់ ត្រូវពិនិត្យលទ្ធភាពក្នុងការនាំទំនិញចេញ តាមមធ្យោបាយផ្សេង ដើម្បីចៀសវាង ហានិភ័យនៃការកកស្ទះការនាំចេញទំនិញ ឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេស ចិន តាមច្រកព្រំដែនគោក រវាងប្រទេសវៀតណាម និងប្រទេសចិន ខណៈកុំពុងមានការកកស្ទះ។

ក្រសួងពាណិជ្ជកម្មរួមជាមួយនិងក្រសួង-ស្ថាប័នពាក់ព័ន្ធកំពុងពិនិត្យនិងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់នូវការវិវត្តនៃសភាពការណ៍នេះ ហើយនឹងជម្រាបជូនអំពីវឌ្ឍនជាបន្តបន្ទាប់ទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ