រាជរដ្ឋាភិបាល ណែនាំឲ្យបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ សំដៅទប់ស្កាត់មេរោគបំប្លែងថ្មី អូមីក្រុង
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវសហការជាមួយ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងអ្នកពាក់ព័ន្ធ ត្រូវបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ សំដៅទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
រាជរដ្ឋាភិបាល ណែនាំបែបនេះបន្ទាប់ពី ពិនិត្យឃើញថា ប្រជាជនមួយចំនួននៅតែមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញនៅឡើយ និងចំនួនប្រជាជនដែលទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ នៅមានចំនួនតិចតួចនៅឡើយ បើធៀបទៅនឹងចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួច ហើយទន្ទឹមនេះ ប្រជាជនមួយចំនួនហាក់បាននិងកំពុងមានការធ្វេសប្រហែសក្នុងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេស វិធានការ «៣កុំ ៣ការពារ» ដែលអាចជាកត្តាប្រឈមនឹងការផ្ទុះឆ្លងរាលដាលមេរោគកូវីដ-១៩ ក្នុងសហគមន៍ជាថ្មីម្តងទៀត។
យោងតាមសារាចររបស់ រាជរដ្ឋាភិបាល នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា «គណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ដោយសហការជាមួយ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវជំរុញ និងបង្កើនល្បឿនន ការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដែលជាខ្សែក្រវាត់ការពារទី១ និងជាយុទ្ធសាស្ត គន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដល់ប្រជាជននៅក្នុងភូមិសាស្ត្រស្ថិតក្រោម សមត្ថកិច្ចរបស់ខ្លួនឲ្យសម្រេចបានឆាប់រហ័ស ដើម្បីធានាឲ្យបាននូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង»។
រាជរដ្ឋាភិបាល បន្ដថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវបន្តពង្រឹងយន្តការ តាមដាន និងត្រួតពិនិត្យរបស់ខ្លួនលើវឌ្ឍនភាពនៃការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃ ទាំងសម្រាប់ក្របខណ្ឌ រាជធានី-ខេត្ត នីមួយៗដាច់ដោយឡែកពីគ្នា ទាំងសម្រាប់ក្របខណ្ឌទូទាំងប្រទេស ព្រមទាំងត្រូវ ពង្រឹងយន្តការឆ្លើយតបឲ្យបានទាន់ពេលវេលា ទាក់ទងនឹងការអនុវត្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាក់ស្តែងនៅតាមមូលដ្ឋាន ជាពិសេស ការសម្របសម្រួលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងឲ្យត្រូវទៅនឹងស្ថានភាព ជាក់ស្ដែងនៅក្នុងមូលដ្ឋាននីមួយៗ និងការធានាផ្គត់ផ្គង់ឲ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់ បណ្តារាជធានី-ខេត្ត។
រាជរដ្ឋាភិបាល បន្ថែមថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, អនុគណៈកម្មការ អប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ និងអភិបាល រាជធានី-ខេត្ត ទាំងអស់ ត្រូវសហការគ្នា បង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀតអំពីភាពចាំបាច់ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីឲ្យប្រជាជនមកទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា៕EB