សម្ដេចតេជោ ហ៊ុន សែន ៖ រហូតមកដល់ពេលនេះ អូមីក្រុង បានឆ្លងក្នុងសហគមន៍កម្ពុជា ១០ករណី និងនាំចូល ២៤ករណី
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យទប់ស្កាត់ជំងឺកូវីដ-១៩ បំប្លែង ប្រភេទអូមីក្រុង ខណៈគិតត្រឹម ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មេរោគនេះបានឆ្លងចូលក្នុងសហគមន៍កម្ពុជាចំនួន ១០ករណី និងនាំចូល ២៤ករណី សរុបទាំងអស់ ៣៤ករណី។
តាមរយៈសារសំឡេង នាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ឥឡូវនេះមេរោគកូវីដបំប្លែងថ្មី ហៅថា អូមីក្រុង បានចាប់ផ្ដើមលុកលុយទៅក្នុងសហគមន៍របស់យើងហើយ កិច្ចការបន្ទាន់របស់យើងគឺពង្រឹងវិធានការការពារ ដើម្បីកុំឲ្យរីករាលដាលធ្ងន់ធ្ងរ ថ្ងៃនេះយើងមាន៣៤ករណី ក្នុងនោះ នាំចូល២៤ករណី និងឆ្លងចូលក្នុងសហគមន៍ ១០ករណី»។
សម្ដេចតេជោ បន្ដថា ក្នុងស្ថានការបែបនេះត្រូវយកចិត្តទុកដាក់វិធានការឲ្យខ្លាំងក្លាបំផុត គឺការបន្ដអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីធានាថា ក្នុងសហគមន៍កម្ពុជាមានភាពរឹងមាំ។ ជាមួយគ្នានេះ សម្ដេច ក៏ចេញបទបញ្ជាជំរុញល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជំរុញ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។
សម្ដេចតេជោ បន្ថែមថា វ៉ាក់សាំងប្រភេទណាមិនសំខាន់ឡើយ អ្វីដែលសំខាន់នោះ ត្រូវមានពេទ្យឲ្យបានគ្រប់គ្រាន់ ហើយអាជ្ញាធរត្រូវពង្រឹង និងយកចិត្តទុកដាក់ទៅលើការប្រមូលមនុស្សមកចាក់វ៉ាក់សាំងបានគ្រប់ៗគ្នានូវដូសជំរុញ ដើម្បីជាវិធានការទប់ស្កាត់ជាមួយ មេរោគបំប្លែងថ្មី អូមីក្រុង។
សម្ដេចតេជោ បញ្ជាក់ថា ការចាក់ដូសជំរុញ ត្រូវគោរពតាមលក្ខខណ្ឌ ក្នុងការអនុវត្តរបស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់នាពេលកន្លងមកថា ការចាក់ទីដូសទី១ ឬដូសទី២និង ទី៣ ត្រូវមានគម្លាតរយៈពេល ៤ខែ។
សម្ដេចតេជោ ក៏បានបញ្ជាបន្ថែមថា ត្រូវប្រមូលក្រុមគ្រូពេទ្យទាំងអស់ ចេញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជំរុញ ហើយរហូតមកដល់ពេល ចាក់បានជិត៤លាននាក់ ប៉ុន្ដែនៅ១០លាននាក់ទៀត មិនទាន់ចាក់ដូសជំរុញ៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត