ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត ដោយបាននាំអ្នកទេសចរជាង ២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។


តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វើមនុស្សធម៌ ជួយសង្គ្រោះជីវិត លើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។


សម្ដេចធិបតី បន្ដថា «កម្ពុជាតូច តែបេះដូងធំ» បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង ២២០០នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។


សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច គឺបានសរបញ្ជាក់ច្បាស់ ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចតេជោ ហ៊ុន សែន។


សូមរំលឹកថា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ម្ដងទៀតហើយ ក្រោយធ្លាប់ចូលចតកាល ៣ឆ្នាំមុន ដោយសារបញ្ហាកូវីដ-១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ