សម្ដេចតេជោ ហ៊ុន សែន ចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស បើ៣ឆ្នាំមុន កម្ពុជាមិនឲ្យនាវា Westerdam ចូលចត តើជីវិតមនុស្ស នៅលើនាវាទៅជាយ៉ាងណា?
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្ដេចចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស បើសិនជាកាលពី ៣ឆ្នាំមុន កម្ពុជាមិនឲ្យនាវា Westerdam ចូលចត តើជីវិតមនុស្ស នៅលើនាវានេះ ទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាន នៅរស់ប៉ុន្មាន?
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យនាវាទេសចរណ៍អាមេរិក មានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន៥ បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩។
ប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញាក់ជាខ្លាំងដល់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសគឺ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាលេីកទី២ ដោយនាំភ្ញៀវបរទេសចម្រុះជាតិសាសន៍ប្រមាណជា៤ពាន់នាក់ ក្រោយធ្លាប់ចូលចតកាលពី ៣ឆ្នាំមុន ដោយសារបញ្ហាកូវីដ-១៩។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចតេជោ បានលើកឡើងថា «ភ្ញៀវទេសចររាំលេងនៅលើនាវាវេស្ទើដាម Westerdam ដែលវិលត្រឡប់មកកម្ពុជាសារជាថ្មីបន្ទាប់ពីចូលចត នាខែកុម្ភៈ២០២០ គ្រាដែលជំងឺកូវីដ១៩ កំពុងរាតត្បាតពេញសកលលោក ដែលធ្វើឲ្យប្រទេសមួយចំនួន មិនហ៊ានឲ្យនាវានេះចូលចត»។
សម្ដេចតេជោ បន្ដថា «ពេលនោះ ប្រសិនកម្ពុជាមិនឲ្យនាវានេះចូលចត តើជីវិតមនុស្សនៅលើវានានេះ ទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាន នៅរស់ប៉ុន្មាន? ខ្ញុំចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ឆ្លើយជាមួយសំណួរនេះ»។
សម្ដេចតេជោ បន្ថែមថា «សម្រាប់ខ្ញុំ ពីដើមដល់ចប់សិទ្ធិរស់រានមានជីវិត គឺជាចំណុចសំខាន់ជាងគេ ព្រោះបើស្លាប់ទៅហើយ តើមានសិទ្ធិ និងប្រជាធិបតេយ្យអ្វីទៀត»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ