ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងអគ្គមេបញ្ជាការកំពូលរបស់ជាតិ បានណែនាំដល់កងទ័ពបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកល និងមហិច្ឆិតាអាក្រក់របស់ជនក្បត់ជាតិ។

តាមរយៈលិខិតជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពល ក្នុងកាសខួបអនុស្សាវរីយ៍ លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ទោះបីជាយើងមានមោទនភាពចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលសម្រេចបានមកហើយយ៉ាងណាក្តី ប៉ុន្តែយើងទាំងអស់គ្នាក៏សុទ្ធតែបានជ្រួតជ្រាបថា ឆ្នាំ២០២៤ នេះ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬដោយប្រយោលពីស្ថានការណ៍អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទនៅ តែជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់ គួបផ្សំនឹងភាពផុយស្រួយដែលបង្កឡើងដោយការវិវត្ត ប្រែប្រួលនៃសភាព ការណ៍អន្តរជាតិ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច ដែលចាំបាច់ទាមទារ ឱ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ»។

សម្ដេចធិបតី បន្ដថា គោលដៅដ៏សំខាន់ពីរ នៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើ ឱ្យប្រទេសជាតិមានសុខ សន្តិភាព ស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចេរភាព។ សុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននេះ ជាពិសេស គឺគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនេះ ក៏កំពុងតែផ្តល់ឱកាសមួយសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ។

សម្ដេចធិបតី បន្ថែមថា ក្នុងន័យនេះ ចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាគ្រប់បណ្តាកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវតែបន្តជំរុញយកចិត្តទុកដាក់លើការងារកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងធ្វើយ៉ាងណា កសាងពង្រឹងអង្គភាពឲ្យបានរឹងមាំលើគ្រប់វិស័យ ដែលជាមូលដ្ឋានដ៏ចាំបាច់ធានាឲ្យការដឹកនាំបញ្ជា ការកសាងកម្លាំង និងការពង្រឹងប្រៀបការពារជាតិរឹងមាំ។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងនូវការគាំទ្រ និងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារដោះស្រាយ ជីវភាព ថវិការបបឧបត្តម្ភផ្សេងៗ និងការបំពាក់សម្ភារៈស្របតាមស្ថានភាពនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការផ្តល់នូវ កិត្តិយស និងការគោរពដោយសេចក្តីថ្លៃថ្នូរចំពោះកងយោធពលខេមរភូមិន្ទ ក្នុងន័យជាការតបស្នងដល់គំរូវីរភាព និងគុណូបការៈដ៏ឧត្តុងឧត្តមរបស់កងយោធពលខេមរភូមិន្ទនៃយើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ