កម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក ចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធសាស្ដ្រសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ មានទឹកប្រាក់ជាង ៦៣លានដុល្លារ
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោកស្រី យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី ឃែរ ខូណាន់ (Claire Conan) តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (World Food Program- WFP) បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ រវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី៣០ មករា នេះ ថា ផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ មានទឹកប្រាក់ចំនួន ៦៣.៣៧៨.៥០០ ដុល្លារអាមេរិក នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការផ្តល់ ប្រឹក្សាគោលនយោបាយ កិច្ចគាំពារសង្គម ប្រព័ន្ធចំណីអាហារ និងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុង គោលបំណងលើកកម្ពស់របបអាហារ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា គម្រោងទាំងនោះស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជា។ ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោក បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់របបអាហារ និងសន្តិសុខស្បៀង និងអោយសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ