មណ្ឌលគិរី ៖ ថ្មីៗកន្លងមកនេះ ហ្វូងដំរីព្រៃ ឬដំរីអាស៊ី បានបង្ហាញខ្លួននៅតាមតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី ដែលមានចំនួនច្រើនជាងការមើលឃើញជាងបណ្តាឆ្នាំកន្លងទៅ។ ជាក់ស្តែងថ្មីៗនេះ ហ្វូងដំរីព្រៃអាស៉ីប្រមាណ២០ក្បាល ត្រូវបានប្រទះឃើញនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលជាសញ្ញាបញ្ជាក់ថា សត្វដំរីព្រៃរស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់។

មន្រ្តីឧទ្យានុរក្ស បានសង្កេតលើវត្តមានដំរីព្រៃ ដែលធ្វើដំណើរក្នុងតំបន់ព្រៃ ហើយពេលខ្លះបានចូលមកក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជាហ្វូងៗចន្លោះពី២០ ទៅ៣០ក្បាល ដែលចំនួននេះ មានការកើនឡើងពីចំនួន៣ ទៅ៥ក្បាល ដែលបានបង្ហាញខ្លួន កាលពីពេលកន្លងទៅ។

នាយកដែនជម្រសត្វព្រៃកែវសីមា លោក ស៊ិន សត្ថា បានឱ្យដឹងថា  «មន្ត្រីបច្ចេកទេសបានប្រទះឃើញសត្វដំរីឈ្មោល០១ក្បាល ឈឺជើងខាងឆ្វេងនៅក្នុងអូរប៉ាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ក្រុមការងារបានយកចំណីដាក់នៅជិតៗវាផងដែរ ហើយបច្ចុប្បន្នសត្វដំរីមួយនេះ មានសុខភាពប្រសើរវិញបន្តិចហើយ ខណៈដែលហ្វូងរបស់វាមិនទៅណាឆ្ងាយពីដំរីឈ្មោលដែលឈឺជើងនេះទេ»។

បើតាមលោក សុះ មីឡែម អភិបាលរងស្រុកកែវសីមា បានឱ្យដឹងថា រដ្ឋបាលស្រុកកែវសីមា កំពុងចាត់វិធានការណែនាំមេភូមិ មេឃុំ ក្នុងការចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចូលក្នុងព្រៃស្វែងរកបន្លែ ក្បែរតំបន់ដំរីឈឺ ត្រង់ចំណុចអូរប៉ាម បង្ការជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ បន្ថែមពីនេះ លោកក៏ស្នើសុំដល់មន្រ្តីជំនាញពាក់ព័ន្ធតាមដានយកចិត្តទុកដាក់ទៅលើសុខភាព និងជំងឺរបស់ដំរីផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ