លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ ការបោះឆ្នោតព្រឹទ្ធសភា និងបោះឆ្នោតក្រុមប្រឹក្សា ជាសមិទ្ធផលថ្មីទៀត គ្មានអ្វីអាចមកបន្ទច់បង្អាក់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ គឺជាសមិទ្ធផលថ្មីទៀត ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការបោះជំហានទៅមុខដ៏រឹងមាំ គ្មានអ្វីអាចមកបន្ទច់បង្អាក់ដំណើរការ ប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ នៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្ដីពី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងអ្នកបោះឆ្នោតទាំងអស់ ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី ក្រមសីលធម៌សម្រាប់ ការបោះឆ្នោត នៅគ្រប់ដំណាក់កាលក្នុងដំណើរការបោះឆ្នោតទាំងមូល ប្រកបដោយស្មារតីទទួលខុសត្រូវ និងការផ្តល់កិច្ចសហការគាំទ្រគ្នាទៅវិញទៅមក ធ្វើឱ្យការបោះឆ្នោតទាំងពីរនេះ បានប្រព្រឹត្តទៅ ដោយរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងមានសុវត្ថិភាព យ៉ាងល្អប្រសើរ ហើយលទ្ធផលនៃការបោះឆ្នោតនេះ ក៏ត្រូវបានគ្រប់គណបក្សនយោបាយដែលចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោត ទទួលស្គាល់ផងដែរ។
លោកឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមថា «ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ គឺជាសមិទ្ធផលថ្មីទៀត ដែលឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការបោះជំហានទៅមុខដ៏រឹងមាំ គ្មានអ្វីអាចមកបន្ទច់បង្អាក់ដំណើរការ ប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា»។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្រេចបានជោគជ័យ មានភាពរលូនល្អ ព្រមទាំងបង្ហាញឱ្យឃើញនូវភាពល្អប្រសើរ ថែមមួយកម្រិតទៀត ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស បើប្រៀបធៀបនឹងការបោះឆ្នោត មុនៗ ព្រោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិ ភាគច្រើន បានចេញនូវសេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រដល់ដំណើរការបោះឆ្នោត ដែល ប្រព្រឹត្តទៅមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសសន្តិសុខ របៀបរៀបរយល្អ គ្មានអំពើ ហិង្សា និងការគំរាមកំហែង។
លោកប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា ជោគជ័យដែលសម្រេចបាននេះ គឺអាស្រ័យ ដោយមានការចូលរួមចំណែកដ៏ថ្លៃថ្លា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដីគ្រប់កម្រិត គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលបានអញ្ជើញ ទៅបោះឆ្នោតយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខរីករាយ និងគ្មានការភ័យខ្លាច៕