សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ នាឱកាសបុណ្យចូលឆ្នាំថ្មី បញ្ហាអសន្តិសុខនានាថយចុះប្រមាណ៣០% ខណៈអាជ្ញាធររៀបចំបានយ៉ាងល្អ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលកន្លទៅនេះ បញ្ហាអសន្តិសុខ និងការបង្កហិង្សានានា បានថយចុះប្រមាណ ៣០ភាគរយ បើធៀបទៅនឹងឆ្នាំមុន នេះជាស្មារតី នៃការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី។
សម្ដេចធិបតី កត់សម្គាល់ឃើញថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅឆ្នាំ២០២៤នេះ រៀបចំបានយ៉ាងល្អ ហើយបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងផងដែរ។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះមានការសប្បាយរីករាយ នៅគ្រប់រាជធានី-ខេត្ត ស្រុក-ក្រុង សាលារៀន វត្តអារាម ព្រមទាំងទីកន្លែងសាធារណៈ។ សម្ដេច សង្តេតឃើញថា មានប្រជាពលរដ្ឋខ្មែរ បានលេងល្បែងប្រជាប្រិយខ្មែរ យ៉ាងផុសផុល។
សម្ដេចធិបតី បន្ដថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានបាតុភាពអវិជ្ជមានកើតឡើងតិចតួចបំផុត ខណៈបទល្មើសនានាមានការថយគួរឲ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំមុន។
សម្ដេចធិបតី មានប្រសាសន៍ថា «បាតុភាពអវិជ្ជមាន ដូចជា ការឈ្លោះគ្នា ការវៃគ្នា ក៏មិនមានច្រើន ហើយបញ្ហាអសន្ដិសុខផ្សេងៗថយចុះ ៣០% ឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំទៅ ហើយការលេង ដោយគោរពគ្នា ហើយនេះជាស្មារតី នៃការអបអរសាទរ របស់ប្រជាជាតិខ្មែរយើង សម្រាប់បុណ្យចូលឆ្នាំថ្មីយើងនេះ»។
ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ កងកម្លាំង ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់រូប បានរួមគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ បានយ៉ាងល្អប្រសើរ។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ទៀតថា «ការប្រារព្ធពិធីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺបានព្រឹត្តិទៅដោយល្អ ហើយអរគុណផងដែរ ដល់ប្រជាការពារ ក្រុងការងាររាជរដ្ឋាភិបាល ក្រុមការងារចុះបណ្ដាលរាជធានី-ខេត្ត ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម ហើយនៅក្រៅប្រទេស ក៏បានរៀបចំនៅតាមស្ថានទូត ដែលមានប្រជាជនចូលរួម»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរអរគុណចំពោះសាលារាជធានីភ្នំពេញ បានរៀបចំរថយន្ដក្រុង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃ។
យោងតាមរបាយការណ៍មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា ស្ថិតិប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ៤ថ្ងៃ ទេសចរជាតិ និងប្រជាពលរដ្ឋ សរុបប្រមាណ ២១.៧០ លាននាក់ ខណៈទេសចរបរទេស ប្រមាណ ១១ ម៉ឺននាក់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ