ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្ញើលិខិតជូនលោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងការបន្តតាមដានលើ គំរាមកំហែងដែលបន្តកើតមានលើ សិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋកម្ពុជាតាមព្រំដែនកម្ពុជា-ថៃ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានគូសបញ្ជាក់សាជាថ្មី ចំពោះញត្តិបន្ទាន់ របស់ គ.ស.ម.ក. ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងសកម្មភាពរបស់កងទ័ពថៃរំលោភបំពានទឹកដីកម្ពុជា ដោយ បានរាយបន្លាលួស រារាំងមិនឱ្យប្រជាជនកម្ពុជាចូលទៅកាន់ផ្ទះសម្បែង និងដីស្រែចម្ការរបស់ពួកគាត់បាន និងបានគំរាម កំហែងដល់សិទ្ធិនិងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅតាមបណ្តោយព្រំដែននោះ។

ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ព្រមព្រៀង ទាំង១៣ ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ ក៏ដោយ ក៏ គ.ស.ម.ក. មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយបានទទួលរបាយការណ៍គួរឱ្យទុកចិត្តបានថា កងទ័ព ថៃមានគម្រោងប្រើប្រាស់ច្បាប់អាជ្ញាសឹក ដើម្បីបណ្តេញប្រជាជនកម្ពុជាចេញដោយបង្ខំពីផ្ទះសម្បែងនិងដីស្រែចម្ការ របស់ពួកគាត់ ដែលស្ថិតក្នុងដែនដីកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ