ធនាគារ ប្រ៊ីដ និងក្រុមហ៊ុនសៃសាន់ ប្រាឌើរ ហូលឌីង ចុះអនុស្សរណៈនៃការយោគយល់ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុឲ្យ Sub Franchise លើការទិញម៉ាកយីហោ emart24 និង Mega MGC Coffee
ភ្នំពេញ ៖ ធនាគារ ប្រ៊ីដ និង ក្រុមហ៊ុនសៃសាន់ ប្រាឌើរ ហូលឌីង បានប្រកាសកិច្ចសហប្រតិបត្តិការជាផ្លូវការនៅថ្ងៃនេះ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា (MOU) ដែលមានគោលបំណងផ្ដល់ការគាំទ្រហិរញ្ញវត្ថុដល់សហគ្រិនដែលមានបំណងចង់ទិញ Sub Franchise ម៉ាកយីហោដ៏ល្បី emart24 និង Mega MGC Coffee។
ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងនៅ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៥ នៅ សណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពីលោក Richard Liew នាយកប្រតិបត្តិនៃធនាគារប្រ៊ីដ និងលោក Dr. Goh Swee Keong នាយកគ្រប់គ្រងនៃក្រុមហ៊ុនសៃសាន់ ប្រាឌើរ ហូលឌីង ព្រមទាំងថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរ។ តាមរយៈភាពជាដៃគូនេះ អ្នកចាប់ផ្ដើមអាជីវកម្មថ្មីនឹងទទួលបានការផ្ដល់ប្រាក់កម្ចីយ៉ាងងាយស្រួលពីធនាគារ ប្រ៊ីដ រហូតដល់ ៨០% នៃទុនសរុបដែលត្រូវការដើម្បីវិនិយោគ លើការទិញម៉ាកយីហោ emart24 និង Mega MGC Coffee ក្នុងអត្រាការប្រាក់ទាប ជាមួយនឹងរយៈពេលកម្ចីរហូតដល់ ១៥ឆ្នំា ដើម្បីជួយសម្រួលដល់ការចាប់ផ្ដើមនិងការដំណើរការអាជីវកម្ម Sub Franchise របស់ពួកគេ។
លោក Richard Liew នាយកប្រតិបត្តិនៃធនាគារប្រ៊ីដ បានថ្លែងថា៖ “ការប្ដេជ្ញាចិត្តរបស់យើងគឺដើម្បីផ្ដល់ការគាំទ្រដល់សហគ្រិននៅទូទាំងប្រទេស។ កិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុនសៃសាន់ ប្រាឌើរ ហូលឌីង នឹងបើកឱកាសដ៏ល្អមួយសម្រាប់អ្នកដែលមានក្ដីស្រមៃចង់ក្លាយជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន។ យើងមានសេចក្ដីសោមនស្សរីករាយក្នុងការក្លាយជាដៃគូហិរញ្ញវត្ថុក្នុងដំណើរផ្លូវនេះ”។
លោក Dr. Goh Swee Keong នាយកគ្រប់គ្រងនៃក្រុមហ៊ុនសៃសាន់បានបន្ថែមថា “ភាពជាដៃគូជាមួយធនាគារប្រ៊ីដ មិនត្រឹមតែពង្រឹងម៉ាកយីហោរបស់យើងប៉ុណ្ណោះទេ តែថែមទាំងផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងដល់ដៃគូ Sub Franchise របស់យើងទៀតផង។ យើងចង់ឃើញសហគ្រិនថ្មីៗជាច្រើនទៀតទទួលបានជោគជ័យ ហើយយើងជឿជាក់ថា ភាពជាដៃគូនេះនឹងជួយឲ្យគោលដៅនេះក្លាយជាការពិត”។
គួរឲ្យដឹងផងដែរ ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុនសៃសាន់ ប្រាឌើរ ហូលឌីង ជាសាជីវកម្មល្បីល្បាញទៅលើវិស័យជាច្រើនដូចជា វិស័យម្ហូបអាហារ (Food & Beverage) វិស័យលក់រាយ (Retail) វិស័យបច្ចេកវិទ្យា (Technology) និងវិស័យសំណង់ (Construction) វិស័យឧបករណ៍អេឡិចត្រូនិក (Electronic compliance) និងវិស័យកសិកម្ម (Agriculture)។
ក្រុមហ៊ុនសៃសាន់បាននាំយកយីហោ emart24 ចូលក្នុងទីផ្សារប្រទេសកម្ពុជានៅឆ្នាំ ២០២៣ ដែលរហូតមកដល់ឆ្នាំ ២០២៥ នេះបានពង្រឹកសាខារហូតដល់ ៧ សាខានិងគ្រោងបើកជាបន្តបន្ទាប់។ emart24 ជាផ្សារលក់ទំនិញរាយដែលបើកដំណើរការ ២៤ម៉ោង ចាប់តាំងពីកាហ្វេពេលព្រឹករហូតដល់អាហារសម្រន់ពេលយប់។ ជាមួយនិងការផ្តល់អោយនូវម្ហូបកូរ៉េដ៏សម្បូរបែប និងគ្រាប់កាហ្វេអារ៉ាប៊ីកាសុទ្ធ ១០០% ដែលនាំចូលដោយផ្ទាល់ពីកោះ Jeju ប្រទេសកូរ៉េ emart24 បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រផលិតផលក្នុងស្រុក ដោយថ្មីៗនេះ emart24 បានបង្កើតយុទ្ធនាការគាំទ្រផលិតខ្មែរ អនុញ្ញាតអោយ អ្នកផលិត ប្រជាកសិករ និងអ្នកនាំចេញទាំងឡាយដាក់តាំងលក់ផលិតផលខ្មែរ ក្នុងគោលបំណងផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ។ គោលដៅចំបងរបស់ emart24 គឺត្រូវតែមានជាដាច់ខាតនូវផលិតផលខ្មែរ ៣០% ដាក់តាំងលក់នៅគ្រប់សាខាទាំងអស់របស់ emart24។
Mega MGC Coffee ជាម៉ាកយីហោហាងកាហ្វេដែលល្បីនៅប្រទេសកូរ៉េខាងត្បូងត្រូវបានទទួលស្គាល់ពីតម្លៃសមរម្យ និងភាពសំបូរបែប ឆ្ងាញ់ពិសារ និងគុណភាពខ្ពស់នៃភេសជ្ជះដែលបច្ចុប្បន្នហាងកាហ្វេនេះមានរហូតដល់ 4000 សាខាទូទាំងប្រទេសកូរ៉េត្រូវបានក្រុមហ៊ុនសៃសាន់ទទួលបានសិទ្ធលើ Master Franchise នៅប្រទេសកម្ពុជា៕